កម្ពុជានឹងរៀបចំការប្រឡងចម្រៀងជាពួកអន្តរជាតិជាលើកទី១ ចាប់ពីថ្ងៃទី ៣០ដល់ថ្ងៃទី១ខែមិថុនា

(ភ្នំពេញ)៖ កម្ពុជានឹងសហការជាមួយ ពីបណ្តាប្រទេសអាស៊ានចំនួន៧ក្រុមក្នុងការរៀបចំការប្រឡងចម្រៀងជាពួកអន្តរជាតិជាលើកទី១ចាប់ពីថ្ងៃទី៣០ខែឧសភាខាងមុខដល់ថ្ងៃទី១ ខែមិថុនា ដើម្បីលើកស្ទួយវិស័យសិល្បៈវប្បធម៌ ទេសចរណ៍ និងបរិស្ថានរបស់ខ្លួនឱ្យកាន់តែល្អប្រសើរថែមទៀត ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានអន្តរក្រសួង ស្តីការផ្សព្វផ្សាយព្រឹត្តិការណ៍ប្រឡងចម្រៀងជាពួកអន្តរជាតិលើកទី១ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានការចូលរួមពីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន និងអង្គការដៃគូ នាព្រឹកថ្ងៃទី២០ ខែឧសភាឆ្នាំ ២០២៤នេះ ឯកឧត្តម សំ សំអាង ទីប្រឹក្សាក្រសួងវប្បធម៌បានឱ្យដឹងថា ក្នុងពិធីនេះមានក្រុមចម្រៀងជាពួកអន្តរជាតិមកពីបណ្តាប្រទេសអាស៊ានចំនួន៧ក្រុមនឹងមកចូលរួម ប្រកួតប្រជែងក្នុងនេះដូចជា កម្ពុជា២ក្រុម (សាកលវិទ្យាល័យ CIA និងក្រុមចម្រៀងជាពួកជប៉ុន), ឥណ្ឌូនេស៊ី២ក្រុម, ម៉ាឡេស៊ី២ក្រុម, និងថៃ១ក្រុម ស្មើនឹង២៥០នាក់។ ដោយឡែកសម្រាប់ក្រុមចម្រៀងជាពួកខ្មែរនៃសាលាមធ្យមវិចិត្រសិល្បៈ ចូលរួមក្នុងកម្មវិធី តែមិនចូល រួមប្រឡង។សម្រាប់ក្នុងកម្មវិធីនេះមានគណៈមេប្រយោគមកពី ប្រទេស ហូឡង់ ស៊ុយអែត ថៃនិងកម្ពុជា ។

ឯកឧត្តម បញ្ជាក់បន្ថែមថា៖កម្មវិធីនេះជាកម្មវិធីអន្តរជាតិ ហេតុនេះនៅពេលភ្ញៀវទាំងជាតិ និងអន្តរជាតិចូលមកទស្សនាគឺនឹងផ្សព្វផ្សាយពីកម្ពុជា ពិសេស លើ វិស័យទេសចរណ៍តែម្តង។សម្រាប់កម្មវិធីនេះដែរបើទទួលបានការគាំទ្រច្រើននោះរំពឹងថានៅឆ្នាំ២០២៦នឹងមានការរៀបចំឡើងម្តងទៀត ហើយក៏ជាព្រឹត្តិការណ៍ធំជាងនេះជាក់ជាពុំខាន ។

ដោយឡែកលោកស្រី ឡូ រ៉ង់( Laurence Labadens) តំណាង ALL DREAMS CAMBODIA បានបញ្ជាក់ប្រាប់ ថា ព្រឹត្តិការណ៍ប្រឡងចម្រៀងនេះ រៀបចំឡើងក្នុងគោលបំណងធ្វើយ៉ាងណាជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា ទាំងផ្នែកវប្បធម៌ សិប្បៈ ជាពិសេសរាជធានីភ្នំពេញតែម្តង ឱ្យកាន់តែមានភាពល្បីល្បាញលើឆាកអន្តរជាតិ និងអាចទាក់ទាញភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើនឡើង។

លោកស្រីបញ្ជាក់ថាព្រឹត្តិការណ៍នៃការប្រកួតចម្រៀងជាពួកអន្តរជាតិលើកទី១ ដែលនឹងត្រូវធ្វើឡើង នៅទីក្រុងភ្នំពេញឆ្នាំ២០២៤នេះ ក៏នឹងចូលរួមចំណែកក្នុងការថែរក្សាបរិស្ថាន និងចេរភាពផងដែរ។

ជាមួយគ្នានេះ លោក ជំទាវ នង ធួក អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានថ្លែងថា៖ក្រសួងព័ត៌មានតែងសហការជាមួយគ្រប់ក្រសួងពាក់ព័ន្ធដើម្បីធ្វើការផ្សព្វផ្សាយព័ត៌មាននានាសំដៅលើកស្ទួយគ្រប់វិស័យដើម្បីការរីកចម្រើន និងអភិវឌ្ឍន៍ ។ ការផ្សព្វផ្សាយមានលក្ខណៈទូលំទូលាយ និងយើងមានមធ្យោបាយជាច្រើនសម្រាប់ផ្សព្វផ្សាយស្របតាមសម័យឌីជីថលថ្មីនេះ។

គួរបញ្ជាក់ថាព្រឹត្តិការណ៍ ប្រឡងចម្រៀងជាពួកអន្តរជាតិលើកទី១ នៅទីក្រុងភ្នំពេញគេក៏មានគម្រោងបន្ថែមនូវ «កម្មវិធីមិត្តភាព» (Friendship Concert) រៀបចំធ្វើនៅទីលានវត្តភ្នំ និងផ្សារទំនើប ឬទីកន្លែងណាផ្សេងទៀត សម្រាប់សាធារណជនទូទៅទស្សនា។សម្រាប់ សកម្មភាពហាត់សមនិងប្រកួតប្រជែង នឹងធ្វើឡើងនៅសាលមហោស្រពក្នុងបរិវេណវិទ្យាស្ថានបច្ចេកទេសកម្ពុជា ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤៕

អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក ជីមភារ៉ា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner