មនុស្សស្លាប់កាន់តែច្រើន ដោយសារតែករណីផ្ទុះការតវ៉ាហិង្សានៅប្រទេសស៊ូដង់
ស៊ូដង់៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកស៊ូដង់បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់១១នាក់ ត្រូវបានសម្លាប់ នៅក្នុងហេតុការណ៍ធ្វើបាតុកម្មទ្រង់ទ្រាយធំចុងក្រោយបង្អស់ ដែលទាមទារឲ្យមានការកែប្រែច្បាប់ស៊ីវិលនៅក្នុងប្រទេសមួយនេះ។
ប្រភពបន្តថា មន្រ្តីប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ស្របពេលក្រុមបាតុកររាប់ម៉ឺននាក់បាននាំគ្នាទៅធ្វើបាតុកម្មនៅតាមដងផ្លូវកាលពីថ្ងៃអាទិត្យ សប្តាហ៍មុននេះ នៅក្នុងរដ្ឋធានី Khartoum និងតំបន់ដទៃទៀត ចាប់តាំងពីមានការបង្ក្រាបទៅលើបាតុករ ដែលបានបង្កឲ្យមានមនុស្សស្លាប់កាលពីខែមិថុនាមក។ ដោយឡែកកាលពីថ្ងៃចន្ទដើមសប្តាហ៍ថ្មីនេះ ក៏មានសេចក្តីរាយការណ៍ដែរថា មានការតវ៉ាបានផ្ទុះឡើងបន្ថែមទៀត ខណៈសហរដ្ឋអាម៉េរិក បានប្រកាសថ្កោលទោស ចំពោះអំពើហិង្សាដែលបានប្រើប្រាស់ទៅលើជនស៊ីវិល។
មន្ត្រីម្នាក់របស់ក្រសួងការបរទេសអាម៉េរិក ក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណបាននិយាយនៅថ្ងៃច័ន្ទសប្តាហ៍នេះថា ការបាញ់គ្រាប់ពិតពីសំណាក់កងកម្លាំងសន្ដិសុខស៊ូដង់ទៅលើអ្នកតវ៉ាដែលធ្វើបាតុកម្មដោយសន្ដិវិធី គឺជារឿងដែលមិនអាចទទួលយកបាននោះទេ ហើយយោធាគួរតែទទួលខុសត្រូវចំពោះការស្លាប់នេះ។
មន្ត្រីរូបនោះបន្ថែមទៀតថា ការធ្វើបាតុកម្មដោយសន្ដិវិធីនៅក្នុងរដ្ឋធានី ខាទុម និងនៅក្នុងទីក្រុងជាច្រើនទៀតនៅទូទាំងប្រទេសស៊ូដង់ កាលពីថ្ងៃទី៣០ ខែមិថុនា បានសង្កត់ធ្ងន់ទៅលើការទាមទាររបស់ប្រជាជនស៊ូដង់ ចង់បានរដ្ឋាភិបាលមួយដែលដឹកនាំដោយជនស៊ីវិល៕ធ.ដ