កម្ពុជាអរគុណប្រទេសឆេក ដែលលុបបំណុល (Video Inside)

កម្ពុជាអរគុណប្រទេសឆែកដែលបានលុបបំណុល និងប្រែក្លាយបំណុលសេសសល់ ទៅជាជំនួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជាទៅវិញ។

ការថ្លែងអំណរគុណនេះ ត្រូវបានលើកឡើងក្នុងឱកាសជួបពិភាក្សាការងារសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមួយនឹងឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក លោក ម៉ាធីន វ៉ាយរ៉ា Martin Vavra នៅថ្ងៃទី២០ ខែឧសភា នាវិមានព្រឹទ្ធសភា។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអរគុណដែលប្រទេសឆេក គ្រោងរៀបចំអោយមានដំណើរទស្សនកិច្ចសភាឆែក មកកម្ពុជា នាពេលខាងមុខនេះ ពិសេសថ្លែងអំណរគុណដល់សាធារណរដ្ឋឆែក ដែលបានលុបបំណុល និងប្រែក្លាយបំណុលសេសសល់ទៅជាជំនួយអភិវឌ្ឍន៍ ហើយប្រទេសឆែក ក៏នៅបន្តផ្ដល់ជំនួយជាបន្តទៀត លើវិស័យសុខាភិបាល អប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសលើវិស័យអប់រំ គឺការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅសាធារណរដ្ឋឆែកជាបន្តបន្ទាប់។

ឯកអគ្គរដ្ឋទូតឆេក បានថ្លែងប្ដេជ្ញាបន្តខិតខំជំរុញឲ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាន់តែខ្លាំងឡើងថែមទៀត ដោយបច្ចុប្បន្នលោកបញ្ជាក់ថា នៅពុំទាន់មានតុល្យភាពនៅឡើយ។

ឯកអគ្គរដ្ឋទូត នៅបានបញ្ជាក់ការប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងសម្របសម្រួល ដើម្បីឲ្យគណៈប្រតិភូសភាសាធារណរដ្ឋឆែក មកបំពេញទស្សនៈកិច្ចនៅកម្ពុជា ក្នុងកំឡុងនៃចុងឆ្នាំនេះ។

ads banner