សហគ្រិនខ្មែរ សហការជាមួយផ្សារទំនើបអុីអនម៉ល ផ្សព្វផ្សាយផលិតផលក្នុងស្រុក
ភ្នំពេញ៖ ពិព័រណ៍ផលិតផលក្នុងស្រុកបានត្រលប់មកវិញហើយ!
សហគ្រិនខ្មែរ (Khmer Enterprise) និងផ្សារទំនើបអ៊ីអន មានមោទនភាពប្រកាសពីពិព័រណ៍ផលិតផលក្នុងស្រុក ដែលនឹងដំណើរការចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នៅតាមបណ្តាផ្សារទំនើបអ៊ីអនរាជធានីភ្នំពេញ ផ្សារទំនើបបអ៊ីអនសែនសុខនិង ផ្សារទំនើបអ៊ីអនមានជ័យ។
ការតាំងពិព័រណ៍រយៈពេល ៣សប្តាហ៍នេះ មានគោលបំណងលើកកម្ពស់ផលិតផលក្នុងស្រុក លើកកម្ពស់ជីវភាពរបស់ប្រជាកសិករក្នុងស្រុក និង បើកឱកាសទីផ្សារថ្មីទាំងក្នុងស្រុក និង អន្តរជាតិ សម្រាប់ផលិតផលក្នុងស្រុក ។ នេះជាលើកទី៧ហើយ ដែលសហគ្រិនខ្មែរនិងផ្សារទំនើបអ៊ីអនបានចាប់ដៃគូក្នុងការលើកកម្ពស់ផលិតផលនិងសហគ្រាសធុនតូចនិងមធ្យមក្នុងស្រុកដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញផលិតផលក្នុងស្រុកអោយកាន់តែ មានទីផ្សារ។ពាក្យស្លោករបស់ពិព័រណ៌ គឺ “គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ”។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជានាយកប្រតិបត្តិនៃ សហគ្រិនខ្មែរ បានមានប្រសាសន៍ថា ៖“សហគ្រិនខ្មែរមានសេចក្តីសោមនស្សរីករាយ ពីការកើនឡើងដ៏គួរឱ្យកត់សម្គាល់នៃការគាំទ្ររបស់អតិថិជនចំពោះផលិតផលក្នុងស្រុក។
ភាពជាដៃគូជាមួយ AEON សម្រាប់ពិព័រណ៍ ផលិតផលក្នុងស្រុកនេះនឹងពង្រីកការលក់និង គាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម ដែលស្របតាមបេសកកម្មរបស់សហគ្រិនខ្មែរក្នុងការផ្សព្វផ្សាយផលិតផលក្នុងស្រុកនៅក្នុងផ្សារទំនើបនិងទីផ្សារផ្សេងៗទៀត។សហគ្រិនខ្មែរនឹងបន្តបេសកកម្មក្នុងការលើកកម្ពស់លទ្ធភាពទទួលបានទីផ្សារសម្រាប់សហគ្រាសធុនតូចនិងមធ្យមតាមរយៈដៃគូក្នុងតំបន់ និងបណ្តាញអន្តរជាតិ”។
តាមរយៈ លោក ស៊ិន ពិសី អគ្គនាយក ក្រុមហ៊ុន អ៊ីអន (ខេមបូឌា) មានប្រសាសន៌ថា៖ “ផ្សារទំនើបអ៊ីអននៅតែបន្តចូលរួមយ៉ាងសកម្ម និងគាំទ្រយ៉ាងពេញទំហឹងក្នុងន័យជម្រុញការផ្សព្វផ្សាយ ពង្រីកទីផ្សារបន្ថែមសម្រាប់ផលិតផលខ្មែរ និងគាំទ្រដល់កសិករខ្មែរ។
យើងយកចិត្តទុកដាក់ខ្ពស់ទៅលើសុវត្ថិភាពចំនីអាហារ គុណភាព សេវាកម្ម និងផ្ដល់ជូននូវតម្លៃសមរម្យជូនដល់អតិថិជន។ ដូច្នេះកុំភ្លេចចូលរួមគាំទ្រទាំងអស់គ្នា នៅផ្សារទំនើបអ៊ីអនទាំង៣សាខាដើម្បីលើកជួយលើកស្ទួយនិងពង្រីកទីផ្សារផលិតផលខ្មែរគ្រប់ប្រភេទឱ្យកាន់តែធំទូលាយ។”
សូមកុំភ្លេចចូលរួមគាំទ្រផលិតផលក្នុងស្រុកជាច្រើន ដែលបំពេញតាមស្តង់ដារគុណភាព និង សុវត្ថិភាព មានដូចជាគ្រឿងទេស របស់ប្រើប្រាស់ប្រចាំថ្ងៃ បន្លែស្រស់ ទឹកដោះគោ អង្ករ និងវត្ថុអនុស្សាវរីយ៏ជាច្រើនទៀត។លើសពីនេះអ្នកនឺងទទួលបានការបញ្ចុះតម្លៃលើគ្រប់ផលិតល និងមានឱកាសឈ្នះរង្វាន់រាល់ការជាវចាប់ពី$15ឡើងទៅ។ ការផ្តល់ជូនពិសេសទាំងនេះសម្រាប់តែអតិថិជនដែលគាំទ្រផលិតផលក្នុងស្រុក ក្នុងអំឡុងពេលការតាំងពិព័រណ៍នេះតែប៉ុណ្ណោះ៕ អត្ថបទ៖ ឈឹម ទីណា