ឯកឧត្តម សោម សូរីដា៖ រយៈពេល៨ថ្ងៃ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត គណបក្សនយោបាយធ្វើសកម្មភាពឃោសនាក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈល្អ
ភ្នំពេញ៖ ឯកឧត្តម សោម សូរីដា សមាជិក គ.ជ.ប បានថ្លែងបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៤ ខែឧសភា នេះថា ក្នុងរយៈពេល៨ថ្ងៃ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត គ.ជ.ប សង្កេតឃើញថា គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ តាមមណ្ឌលរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈល្អ មិនមានកើតឡើងនូវរូបភាពអវិជ្ជមានណាមួយឡើយ។

ឯកឧត្តមបានបន្តថា យោងតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) គិតត្រឹមម៉ោងពីររសៀលថ្ងៃនេះ យើងអាចធ្វើការបូកសរុបព្រឹត្តិការណ៍ឃោសនាបោះឆ្នោតជារួមបា នដូចខាងក្រោម៖
គណបក្សនយោបាយនីមួយៗ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតតាមមធ្យោបាយផ្សេងៗនិងតាមលទ្ធភាពរៀងៗខ្លួន ជាអាទិ៍ ការហែក្បួនឃោសនា ការជួបប្រជុំសមាជិក និងអ្នកគាំទ្រគណបក្ស និងអ្នកបោះឆ្នោតនៅតាមទីស្នាក់ការគណបក្ស និងតាមឃុំ សង្កាត់ ការចែកខិត្តបណ្ណ ការចាក់មេក្រូផ្សព្វផ្សាយនៅតាមទីស្នាក់ការគណបក្ស និងចាក់ចល័តតាមភូមិជាដើម។ ដោយបានយល់ច្បាស់នូវភារកិច្ចរបស់ខ្លួន មន្ត្រីបោះឆ្នោតគ្រប់ជាន់ថ្នាក់ ពិសេស គធ.ខប បានអនុវត្តយ៉ាងត្រឹមត្រូវតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ក្នុងការសម្របសម្រួលជាមួយគ្រប់គណបក្សនយោបាយ ដោយឈរលើ គោលការណ៍ស្មើភាព អព្យាក្រឹត ឥតលម្អៀង ដើម្បីរៀបចំ ចាត់ចែង និងបែងចែកពេលវេលា និងទីតាំងសម្រាប់គណបក្សទាំងអស់ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោត តាមមណ្ឌលនីមួយៗ ធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោត។
លើសពីនេះ យើងបានសង្កេតឃើញថា ជាទូទៅ គ្រប់គណបក្សនយោបាយ បានជូនដំណឹង ជាប្រចាំមក គធ.ខប អំពីពេលវេលា និងទីតាំងដែលពួកគាត់ត្រូវធ្វើសកម្មភាពឃោសនា។ ដោយឡែក អាជ្ញាធរ មូលដ្ឋាន ក៏បានខិតខំជួយសម្របសម្រួលដល់ការធ្វើសកម្មភាពឃោសនា ដូចជា ការការពារទីតាំង ការរក្សាសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ពិសេស បានជួយសម្រួលចរាចរណ៍តាមដងផ្លូវ នៅពេលមានការហែក្បួនឃោសនាជាដើម។
ឯកឧត្តម សោម សូរីដា បានបញ្ជាក់ថា ជារួម ផ្អែកតាមរបាយការណ៍ដូចជម្រាបជូនខាងលើ យើងអាចសន្និដ្ឋានបានថា ក្នុងរយៈពេល៨ថ្ងៃកន្លង មកនេះ ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានប្រព្រឹត្តទៅដោយរលូន មានការយោគយល់អធ្យាស្រ័យគ្នា មានកិច្ចសហការល្អប្រសើរពីបណ្តាភាគីពាក់ព័ន្ធនានា ដែលរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងរាជធានី ខេត្តនីមួយៗ៕
ដោយ៖ពលជ័យ


