ឯកឧត្តម សោម សូរីដា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា គឺអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាមានសិទ្ធិបោះឆ្នោតចំនួន២ដង
ភ្នំពេញ៖ ឯកឧត្តម សោម សូរីដា សមាជិក គ.ជ.ប បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ហើយនៅវេលាម៉ោង ៧:០០ព្រឹក ការិយាល័យបោះឆ្នោតទាំងអស់ ត្រូវបើកដំណើរការព្រមៗគ្នា ដើម្បីទទួលឱ្យអ្នកបោះឆ្នោតចូលមកបោះឆ្នោតតាមនីតិវិធី។

ឯកឧត្តមបានបញ្ជាក់ថា អ្នកបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កា ត់ក្នុងមុខតំណែងទាំងអស់ ហើយឯកសារដែលត្រូវប្រើសម្រាប់ការបោះឆ្នោត គឺអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឬបណ្ណសម្គាល់ខ្លួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។ អ្នកបោះឆ្នោតដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត នៃការិយាល័យបោះឆ្នោតណា ត្រូវទៅបោះឆ្នោត នៅការិយាល័យបោះឆ្នោតនោះ។ អ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាមានសិទ្ធិបោះឆ្នោតចំនួន២ដង ដោយលើទីមួយ អ្នកបោះឆ្នោត នឹងត្រូវទទួលសន្លឹកឆ្នោតដែលមានពណ៌ផ្ទៃមេឃ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ហើយសន្លឹកឆ្នោតនេះត្រូវដាក់ទៅក្នុងហិបឆ្នោតដែលស្ថិតនៅលើតុអនុប្រធានការិយាល័យបោះឆ្នោត រួចហើយ ទើបគាត់ទទួលបានសន្លឹកឆ្នោតមួយសន្លឹកទៀតដែលមានពណ៌ស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ហើយដែលត្រូវដាក់ចូលទៅក្នុងហិបឆ្នោតដែលស្ថិតនៅលើតុសមាជិកទី១។ អ្នកបោះឆ្នោត តម្រូវឱ្យជ្រលក់ម្រាមដៃចូលក្នុងទឹកខ្មៅលុបមិនជ្រះ នៅក្រោយពេលគាត់បានបោះឆ្នោតទាំងពីរសន្លឹកនេះរួច។ ការបោះឆ្នោត នឹងត្រូវ បន្តរហូតដល់អស់អ្នកដែលត្រូវមកបោះឆ្នោត ឬករណីមានអ្នកមកបោះឆ្នោតជាបន្តបន្ទាប់ ការិយាល័យបោះឆ្នោតនឹងត្រូវដំណើរការរហូតដល់ម៉ោង ៣:០០រសៀល។ នៅពេលអ្នកបោះឆ្នោតចុងក្រោយបានបោះឆ្នោតរួច និងបានចេញផុតពីការិយាល័យបោះឆ្នោត ប្រធាន គ.ក.ប នឹងត្រូវប្រកាសបិទការិយាល័យបោះឆ្នោត ដើម្បីចាត់ចែងពិនិត្យផ្ទៀងផ្ទាត់ បំពេញសំណុំឯកសារតាមទម្រង់នានា និងអនុវត្តនីតិវិធីផ្សេងទៀត តាមការកំណត់ដោយ គ.ជ.ប ក្រោមការតាមដាន ឃ្លាំមើលពីភ្នាក់ងារគណបក្សនយោបាយ និង អ្នកសង្កេតការណ៍បោះឆ្នោត។
ឯកឧត្តម សោម សូរីដា បានបន្តទៀតថា អនុលោមតាម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ការរាប់សន្លឹកឆ្នោត ត្រូវធ្វើដោយផ្ទាល់ នៅការិយាល័យបោះឆ្នោតនីមួយៗ នៅពេលបន្ទាប់ពីបិទការបោះឆ្នោត និងធ្វើកំណត់ហេតុនៃការបោះឆ្នោតទាំង ពីរប្រភេទរួច លើកលែងតែការិយាល័យបោះឆ្នោតណា ដែលមិនអាចរាប់សន្លឹកឆ្នោត នៅការិយាល័យរបស់ខ្លួនបាន ដោយសារករណីប្រធានសក្តិ ឬអសន្តិសុខ ឬកាលៈទេសៈមានអាសន្ន ហើយដែល គ.ជ.ប បានសម្រេច ឱ្យ គធ.ខប ចាត់ចែងរាប់សន្លឹកឆ្នោតនៃការិយាល័យនោះ នៅ លគធ.ខប ឬនៅកន្លែងណាមួយដែលមាន សុវត្ថិភាព។ ការរាប់សន្លឹកឆ្នោតត្រូវអនុវត្តដោយឡែកពីគ្នា តាមប្រភេទក្រុមប្រឹក្សានីមួយៗ ដោយត្រូវ ចាប់ផ្តើមពីការរាប់សន្លឹកឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ឬក្រុមប្រឹក្សាស្រុក ឬក្រុមប្រឹក្សាខណ្ឌជាមុន បន្ទាប់មកទើបអនុវត្តការរាប់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជ ធានី ឬក្រុមប្រឹក្សាខេត្ត ជាក្រោយ៕
ដោយ៖ពលជ័យ


