ឧត្តមសេនីយ៍ទោ សោម ស៊ុន ត្រួតពិនិត្យការកាប់ទន្ទ្រានព្រៃឈើដែលជនល្មើសកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធ

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងការពារធនធានធម្មជាតិ អនុប្រធាន គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកំពង់ធំ ចុះពិនិត្យសកម្មភាព កាប់បំផ្លាញធនធានធម្មជាតិ យកដីរដ្ឋធ្វើជាកម្មសិទ្ធិ ពីសំណាក់ជនល្មើស នៅក្នុងតំបន់ព្រៃសហគមន៍ និងព្រៃអង់តែន ក្នុងភូមិសាស្ត្រស្រុកសន្ទុក និងមួយផ្នែកក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ។

លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានបញ្ជាក់ថា កន្លងមកនេះមានជនល្មើស តែងតែលបលួចធ្វើសកម្មភាព កាប់បំផ្លាញព្រៃសហគមន៍ និងព្រៃអង់តែន ដែលជាព្រៃរក្សាទុករបស់រដ្ឋ ដើម្បីទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ បានធ្វើសកម្មភាពលបលួចធ្វើនៅពេលយប់ ក្នុងពេលមន្ត្រីរដ្ឋបាលព្រៃឈើ ជាប់រវល់ភារកិច្ច និងឈប់សម្រាកពេលបុណ្យទាន ដោយឡែកកម្លាំងរដ្ឋបាលព្រៃឈើធ្វើសកម្មភាពហាមឃាត់ ឬបង្ក្រាបត្រូវក្រុមជនល្មើសមួយចំនួនមានការគំរាមកំហែងដល់សមត្ថកិច្ចទៀតផង។

ឧត្តមសេនីយ៍ទោ សោមស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអរគុណកម្លាំងចម្រុះ បានខិតខំបំពេញភារកិច្ចទទួលបានជោគជ័យគួរជាទីមោទនៈ និង បានផ្សព្វផ្សាយបទបញ្ជាប្រមុខរាជរដ្ឋារាជរដ្ឋាភិបាល បទបញ្ជាឯកឧត្ដម អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងផែនការគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ និងប្រគល់ភារកិច្ច ជូនដល់កងកម្លាំងចម្រុះ ប្រចាំការបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវតែប្តេជ្ញាចិត្តដាច់ខាត ការពារទប់ស្កាត់និងបង្ក្រាបឲ្យបាន នូវរាល់បទល្មើសធនធានធម្មជាតិមិនឲ្យកើតមានឡើងជាថ្មី ដោយឡែកដីព្រៃរបស់រដ្ឋ ដែលមានការកាប់ទន្ទ្រានកន្លងមក ត្រូវសហការគ្នាឲ្យបានហ្មត់ចត់ជាមួយស្ថាប័នជំនាញ ដែលមានការពាក់ព័ន្ធ ដើម្បីស្រាវជ្រាវរកជនល្មើស កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវ គ្រឿងឧបភោគបរិភោគ និងថ្នាំពេទ្យមួយចំនួន ប្រគល់ជូនដល់កងកម្លាំងចម្រុះសម្រាប់ដោះស្រាយការហូបចុកប្រចាំថ្ងៃ និងសម្រាប់ព្យាបាលជំងឺបឋម ក្នុងពេលប្រតិបត្តិការ ដើម្បីបន្តធ្វើសកម្មភាព បង្ក្រាបបទល្មើសធនធានធម្មជាតិ ឱ្យទទួលបានជោគជ័យ ថ្មី ៗ បន្ថែមទៀត ៕
ដោយៈ ប៊ុន រដ្ឋា

ads banner