ព្រះមហាក្សត្រយាងចូលរួមពិធីរំលឹកខួប២០ឆ្នាំអង្គការមូលនិធិកុមារកម្ពុជាស៊ីស៊ីអេហ្វ (Video Inside)
ព្រះករុណាព្រះមហាក្សត្រខ្មែរ បានយាងចូលរួមពិធីរំលឹកខួប២០ឆ្នាំ របស់អង្គការមូលនិធិកុមារកម្ពុជាស៊ីស៊ីអេហ្វ និងមានព្រះរាជបន្ទូលបង្ហាញសុទិដ្ឋិនិយម លើបំណិនជីវិតរបស់ពួកគេ។
ព្រះរាជសកម្មភាពថ្ងៃទី២៨ឧសភា នៅក្នុងអង្គការមូលនិធិកុមារកម្ពុជាស៊ីស៊ីអេហ្វ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បានយាងចូលរួមដោយសម្តេចព្រះមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី, សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី, ភ្ញៀវអង្គទូត, លោកគ្រូ អ្នកគ្រូ ពលរដ្ឋ និងសិស្សានុសិស្ស សរុបប្រមាណ៥០០នាក់។
ព្រះអង្គបានមានព្រះរាជបន្ទូលកោតសរសើរដល់ «អង្គការមូលនិធិកុមារកម្ពុជា និងលោកគ្រូ អ្នកគ្រូ មន្ត្រី បុគ្គលិកទាំងអស់ ដែលបានចំណាយកម្លាំងកាយចិត្ត ខិតខំជួយអប់រំ ថែបំប៉ន កុមារា កុមារី ដូចជាកូនរបស់ខ្លួនបង្កើត ដែលនាំឱ្យចៅៗទទួលបានភាពកក់ក្តៅក្នុងជីវិត ព្រមទាំងទទួលបាននូវសីលធម៌ ប្រពៃណី និងចំណេះវិជ្ជាផ្សេងៗ សម្រាប់ជាមធ្យោបាយ ក្នុងការរស់នៅក្នុងសង្គម»។
ព្រះករុណាបានមានព្រះរាជបន្ទូលថា «កូនសិស្សមួយចំនួនដែលរៀនបញ្ចប់ពីសាលានេះ មានការងារធ្វើជាមន្រ្តីរាជការ ឬប្រកបការងារក្នុងវិស័យឯកជន រីឯសិស្សផ្សេងទៀត បានទៅប្រឡងយកអាហារូបករណ៍ទៅរៀនបន្តនៅបរទេស ដើម្បីយកជំនាញឯកទេសឧត្តមសិក្សាណាមួយ ធ្វើឱ្យជីវភាពក្នុងគ្រួសារបានធូរស្រាលល្អជាងមុន។