សម្តេចធិបតីចូលរួមសម្ពោធមហាវិថីស៊ីជីនពីង (Video Inside)
សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមក្នុងពិធីសម្ពោធជានិមិត្តរូបប្រសិទ្ធនាម កំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជា “មហាវិថី ស៊ី ជីនពីង”។ ពិធីនេះបានធ្វើឡើងនារាជធានីភ្នំពេញ នារសៀលថ្ងៃអង្គារ ទី២៨ ឧសភា ២០២៤។
«មហាវិថី ស៊ី ជីនពីង» ដែលឆ្លងកាត់ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ១ មានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ។ ផ្លូវខ្សែក្រវាត់ក្រុងទីបីនេះ បានចាប់ផ្តើមពីផ្លូវជាតិលេខ៤ នៅក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ, ផ្លូវជាតិលេខ៥, ស្ពានឈ្នះឈ្នះ, មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦។
បណ្តាញសង្គមរបស់សម្តេចធិបតីបានសរសេរថា «ទំនាក់ទំនងកម្ពុជា-ចិន គឺជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង និងបានរីកចម្រើនរហូតដល់កម្រិតមួយ ដែលមិនអាចបំបែកបាន»។ «ទំនាក់ទំនងនេះ ស័ក្តិសមនឹងគុណតម្លៃនៃការជឿទុកចិត្តគ្នា ជាពិសេសទំនុកចិត្តខាងនយោបាយ» ។ «ជំនួយរបស់ប្រទេសចិនដល់ប្រទេសកម្ពុជា មិនត្រឹមតែជួយអភិវឌុ្ឍន៍សង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាទៀតផង»។
បណ្តាញសង្គមរបស់សម្តេចធិបតីបានសរសេរទៀតថា កិច្ចសហប្រតិបត្តិការ «ខ្សែក្រវាត់ និងផ្លូវ» បានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ចកិច្ច-សង្គមកម្ពុជា ដែលគិតមកដល់បច្ចុប្បន្ននេះ គម្រោងធំៗត្រូវបានបង្កើតឡើងរួមមាន តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏នឹងលេចរូបរាងឡើងក្នុងពេលអនាគត»។ រហូតមកដល់ពេលនេះ ប្រទេសចិនបានជួយសាងសង់ផ្លូវប្រវែងជិត ៤ពាន់គីឡូម៉ែត្រនៅកម្ពុជា។