ចិនឯកភាពបង្កើតតំបន់សេដ្ឋកិច្ចថ្មីបន្ថែមទៀតនៅកម្ពុជា (Video Inside)
រដ្ឋមន្ត្រីការបរទេសចិនបានឯកភាពសិក្សាលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីបន្ថែមទៀតនៅកម្ពុជា យោងតាមសំណើរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា។
រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាងយី បានសន្យាថា នឹងជំរុញឱ្យក្រុមហ៊ុនចិនមកវិនិយោគនៅកម្ពុជាកាន់តែច្រើន និងពង្រីកការនាំចូលផលិតផលកសិកម្មពីកម្ពុជា មកកាន់ប្រទេសចិនថែមទៀត។
ការឯកភាពនេះធ្វើឡើងក្នុងជំនួបពិភាក្សាមួយរវាងរដ្ឋមន្ត្រីការបរទេសចិន និងកម្ពុជា ក្នុងឱកាសដំណើរបំពេញទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេស សុខ ចិន្តាសោភា រវាងពីថ្ងៃទី២៣ ដល់២៥ ខែឧសភាក្នុងសាធារណរដ្ឋប្រជាមានិតចិន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា «ភាគីចិននៅបានបញ្ជាក់ពីការបន្តគាំទ្រផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សំដៅបង្កើនចំនួនកម្លាំងពលកម្មជំនាញ នៅកម្ពុជា និងបន្តគាំទ្រគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗ នៅកម្ពុជា រួមមាន ផ្នែកដឹកជញ្ជូនភស្តុភារកម្ម, ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធធារាសាស្ត្រ ព្រមទាំងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោផងទៀត។
លោករដ្ឋមន្ត្រីការបរទេស សុខ ចិន្តាសោភា ក៏បានគូសបញ្ជាក់អំពីជំហរជាគោលការណ៍របស់កម្ពុជា ក្នុងការប្រកាន់ខ្ជាប់នូវ «គោលនយោបាយចិនមួយ» និងចាត់ទុកបញ្ហាហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជំាង (Xinjiang) ជាកិច្ចការផ្ទៃក្នុងរបស់ចិន ព្រមទាំងបន្តគាំទ្រតួនាទីកាន់តែសកម្មរបស់ចិន ក្នុងកិច្ចការអន្តរជាតិ។