សមត្ថកិច្ចបង្ហាញមុខជនសង្ស័យគ្រឿងញៀនជួញដូរថ្នាំជាង ២៥៧គីឡូក្រាម (Video Inside)
ថ្នាំញៀនជាង ២៥៧គីឡូក្រាម និងជនសង្ស័យបួននាក់ ត្រូវបានសមត្ថកិច្ចបង្ហាញមុខនៅថ្ងៃទី២៨ ឧសភា នៅមុនការបញ្ជូនទៅតុលាការ។
ជនសង្ស័យទាំងបួននាក់រួមមាន៣នាក់ជាជនជាតិថៃ និងម្នាក់ជាជនជាតិខ្មែរ ត្រូវគេឃាត់ខ្លួននៅថ្ងៃទី២៥ឧសភា នៅខេត្តស្ទឹងត្រែង។ គ្រឿងញៀនមេតំហ្វេតាមីន (ice) និងកេតាមីន ជាង ២៥៧គីឡូក្រាម, រថយន្ត និងគ្រាប់បែកដៃ ចំនួន ២គ្រាប់ ត្រូវបានសមត្ថកិច្ចរឹបអូសបានថែមទៀត។
នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានថ្លែងថា ដើម្បីបង្ក្រាបគ្រឿងញៀនដ៏ធំនេះ សមត្ថកិច្ចត្រូវដេកក្នុងព្រៃ ២យប់ និង២ថ្ងៃដើម្បីចាប់មុខសញ្ញានៅចំណុចវាលព្រីង ឃុំអូរស្វាយ នៃស្រុកបុរីអូរស្វាយសែនជ័យ។
លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់ថា ថ្នាំញៀនទាំងនោះ ត្រូវបានជនសង្ស័យនាំចូលពីតំបន់ត្រីកោណមាស ឆ្លងកាត់ប្រទេសឡាវ ហើយយកមកស្តុកទុកនៅក្នុងប្រទេសកម្ពុជា សម្រាប់នាំចេញទៅក្រៅប្រទេស។