ក្រសួង ចំនួនពីរ ប្តេជ្ញារួមគ្នា អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល
ភ្នំពេញ៖ ក្នុងពិធីបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងជំរុញផែនការសកម្មភាព នៃយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្តេជ្ញារួមគ្នាជំរុញការអនុវត្តផែនការសកម្មភាពនៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣កន្លងទៅ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ បន្ទាប់ពីគណៈរដ្ឋមន្ត្រីពេញអង្គបានប្រជុំសម្រេចកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។
ថ្នាក់ដឹកនាំទាំងពីរ បានប្តេជ្ញាជ្រោមជ្រែងពង្រឹងការអនុវត្តផែនការសកម្មភាពនៃយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ឱ្យកាន់តែសកម្មដើម្បីធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលដែលអនុវត្តត្រឹមត្រូវចំគោលដៅតាមការចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានទស្សនៈវិស័យលើកកម្ពស់ការគាំពារ ការកសាងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជាឱ្យកាន់តែប្រសើរបន្ថែមទៀត៕
ដោយ ៖ ង៉ាន់ ទិត្យ





