កីឡាករប្រដាល់លំដាប់ពិភពលោក ម៉ានីប៉ាគីអាវ ក្លាយជាទូតសុច្ឆន្ទៈ ក្រុមហ៊ុន ហនុមាន ចូលរួមលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរ លើឆាកអន្តរជាតិ
ភ្នំពេញ ៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស (Hanuman Beverages) បានរៀបចំពិធីចុះហត្ថលេខាជាផ្លូវការនៃកិច្ចព្រមព្រៀងជាមួយកីឡាករប្រដាល់លំដាប់ពិភពលោក ម៉ានីប៉ាគីអាវ (Manny Pacquiao) នាល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ក្នុងការចូលរួមលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរ លើឆាកអន្តរជាតិ ។ ភាពជាដៃគូនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរវិវឌ្ឍន៍របស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឆ្ពោះទៅរកការទទួលស្គាល់ និងឧត្តមភាពជា

ព្រឹត្តិការណ៍នេះនឹងក្លាយជាវេទិកាផ្លូវការ ដើម្បីបង្ហាញពីកិច្ចសហការដ៏វិសេសវិសាល ជាមួយលោក ម៉ានី ប៉ាគីអាវ គឺជាបុគ្គលដ៏មានឥទ្ធិពល និងជាទីចាប់អារម្មណ៍បំផុតមួយក្នុងនាមជាទូតសុច្ឆន្ទៈនៃម៉ាកសញ្ញា ក្រុមហ៊ុន ហនុមានប៊ែវើរីជីស (Hanuman Beverages) ដែលត្រៀមខ្លួនដើម្បីឈានទៅរកភាពជោគជ័យមិនធ្លាប់មានពីមុន មកទាំងក្នុងស្រុក និងនៅលើឆាកអន្តរជាតិ ។

លោក Manny Pacquiao ត្រូវបានគេស្គាល់ផងដែរថាជា “Pac-Man” គឺជាឥស្សរជនដែលត្រូវបានទទួលស្គាល់នៅទូទាំងពិភពលោក តាមរយៈស្នាដៃរបស់គាត់នៅក្នុងកីឡាប្រដាល់អាជីព និងនយោបាយ ។ ក្នុងនាមជាម្ចាស់ជើងឯកពិភពលោកចំនួនប្រាំបីស្ថាប័នផ្សេងគ្នាក្នុងប្រវត្តិសាស្ត្រប្រដាល់ និងជាបុគ្គលសាធារណៈដ៏ឧស្សាហ៍ព្យាយាម លោក Pacquiao បង្ហាញពីគុណតម្លៃនៃឧត្តមភាព ភាពស្មោះត្រង់ និងការជួយដល់ប្រជាជនដទៃ។

ក្នុងឱកាសនោះ លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា អគ្គនាយិកា ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស (Founder and Chairwoman of Hanuman Beverages) មានប្រសាសន៍ថា ៖ «យើងមានសេចក្តីរំភើបរីករាយជាខ្លាំងក្នុងការស្វាគមន៍លោក ម៉ានី ប៉ាគីអាវ ចូលក្នុងគ្រួសារ ហនុមាន ប៊ែវើរីជីស ក្នុងនាមជាទូតសុច្ឆន្ទៈ របស់យើង ហើយនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ ហនុមាន ប៊ែវើរីជីស ។ នេះជាកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យ និងពោរពេញដោយឧត្តមភាពរបស់យើង ក្នុងការស្វែងរកដៃគូដែលចែករំលែក និងមានចក្ខុវិស័យរួមគ្នា ដើម្បីធ្វើឱ្យម៉ាកសញ្ញា ហនុមាន ដែលបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ មានភាពល្បីល្បាញ កាន់តែទូលំទូលាយទូទាំងពិភពលោក។

លោក ម៉ានី ប៉ាគីអាវ នឹងចូលរួមទស្សនាការប្រកួតប្រដាល់សង្វៀនហនុមានគុនខ្មែរ ដែលរៀបចំដោយស្ថានីយទូរទស្សន៍បាយ័ន សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅកោះពេជ្រ ។ លើសពីនេះទៅទៀត លោកនឹងចូលរួមក្នុងការផ្សព្វផ្សាយតំបន់ទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការធ្វើឱ្យសេដ្ឋកិច្ចជាតិរីកចម្រើនតាមរយៈឧស្សាហកម្មបៃតងប្រកបដោយនិរន្តរភាព។

លោក ម៉ានី ប៉ាគីអាវ បានថ្លែងថា ៖ « ខ្ញុំមានកិត្តិយសខ្លាំងណាស់ ក្នុងការចូលរួមជាមួយ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស (Hanuman Beverages) ។ វាពិតជារំភើបខ្លាំងណាស់ក្នុងការមកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសមួយដែលសម្បូរទៅដោយវប្បធម៌ និងអរិយធម៌ ។ លោកបន្តថា ពេលក្លាយជាទូតសុច្ឆន្ទៈ របស់ក្រុមហ៊ុន ហនុមានប៊ែវើរីជីស (Hanuman Beverages) ភាពជាដៃគូនេះមិនមែនគ្រាន់តែដើម្បី កីឡា ឬអាជីវកម្ម ប៉ុន្តែបានផ្សារភ្ជាប់វប្បធម៌ ការលើកទឹកចិត្តដល់អត្តពលិកវ័យក្មេង និងការលើកកម្ពស់ស្មារតីនៃប្រជាជាតិដ៏អស្ចារ្យនៅលើឆាកពិភពលោក ។

ក្រុមហ៊ុន ហនុមានប៊ែវើរីជីស(Hanuman Beverages) ប្រកាសពីការដាក់លក់នូវហ្កង់ប្រដាល់ដែលមានហត្ថលេខាផ្តាច់មុខ ក្នុងតម្លៃ 1,000ដុល្លារក្នុងមួយគូ ។ ប្រាក់ចំណូលដែលបានមកពីការលក់ទាំងនេះនឹងត្រូវបានប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌របស់ក្រុមហ៊ុន ដែលជាការប្តេជ្ញាចិត្តខ្ពស់ និងជាបេសកកម្មដ៏វែងឆ្ងាយក្នុងការអភិវឌ្ឍសហគមឱ្យកាន់តែប្រសើរឡើងប្រកបដោយនិរន្តរភាព។

បន្ថែមពីលើនេះ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស (Hanuman Beverages)និងលោក ម៉ានី ប៉ាគីអាវ នឹងចាប់ផ្តើមសហការជាមួយគ្នាកាន់តែខ្លាំងបន្តបន្ទាប់ពីការចូលរួមក្នុងយុទ្ធនាផ្សព្វផ្សាយ និងលើកកម្ពស់ម៉ាកសញ្ញាក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស (Hanuman Beverages) ឈានទៅដល់កម្រិតជោគជ័យថ្មីបន្ថែមទៀត ។

សូមបញ្ជាក់ថា ៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស (Hanuman Beverages) គឺជាក្រុមហ៊ុនភេសជ្ជៈដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជា ដែលមានការប្តេជ្ញាខ្ពស់ក្នុងការបង្កើតភេសជ្ជៈលំដាប់ថ្នាក់ល្អបំផុត ដែលបង្កើតនូវរសជាតិថ្មីសម្រាប់ប្រជាជនកម្ពុជា។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះឧត្តមភាព ការបង្កើតថ្មី និងនិរន្តរភាព ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស (Hanuman Beverages) មានគោលបំណង និងចក្ខុវិស័យក្នុងការក្លាយជាម៉ាកសញ្ញាឧស្សាហកម្មភេសជ្ជៈដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក ៕ ដោយ គ្រី សម្បត្តិ





