ថ្ងៃទី២៧ ខែមិថុនា កម្ពុជានឹងប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១
ភ្នំពេញ៖កម្ពុជានឹងរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខក្រោម ប្រធានបទ “ពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យមដើម្បីកំណើនកាន់តែប្រសើរ”។ ពិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៤នេះ មានគោលបំណងបង្កើនការយល់ដឹងជាក់ស្តែង និងចែករំលែកឧត្តមានុវត្តន៍ ដល់សហគ្រាស ធុនមីក្រូ តូច និង មធ្យម ដើម្បីឱ្យពួកគេអាចពង្រីកសក្តានុពលកំណើន និងភាពប្រកួតប្រជែងជាសាកលរបស់ខ្លួន តាមរយៈការឈានចូលក្នុងប្រព័ន្ធ និង ពង្រឹងភាពអនុលោម ការចាប់យកស្តង់ដារ លទ្ធភាពទទួល បានហិរញ្ញវត្ថុ និងការប្រើប្រាស់ព័ត៌មានទីផ្សារ។
ទិវាជាតិនឹងសម្របសម្រួលភាពជាដៃគូ និងឱកាសបង្កើតបណ្តាញទំនាក់ទំនងរវាង សហ គ្រាស ធុនមីក្រូ តូច និងមធ្យម ស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បី គាំទ្រដល់កំណើន និងភាព ប្រកួត ប្រជែងនៃវិស័យនេះ។ កម្មវិធីនេះក៏មានគោលដៅ រួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី អំណោយ ផលដែលផ្តល់ការគាំទ្រ និងបរិយាបន្ន ដើម្បីឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម អាចរីក ចម្រើន ជឿនលឿននៅក្នុង ប្រទេសកម្ពុជា ផងដែរ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឲ្យដឹងកាលពីពេលកន្លងទៅនេះថា កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមប្រមាណ ៧៥០.០០០ អង្គភាព។
ទាក់ទងនឹងទិវាជាតិនេះដែរ មហាសន្និបាតអង្គការសហប្រជាជាតិបានកំណត់យកថ្ងៃទី២៧ ខែមិថុនា ជារៀង រាល់ឆ្នាំ ជាទិវាជាតិសហគ្រាសធុនមីក្រូ តូច និង មធ្យម ដើម្បីបង្ហាញពីតួនាទី ដ៏សំខាន់ របស់សហគ្រាស ធុនមីក្រូ តូច និង មធ្យម ក្នុងការលើកកម្ពស់ កំណើន ប្រកបដោយ ចីរភាព បរិយាបន្ន និងភាពធន់។លើពិភព លោកសហគ្រាសធុនមីក្រូ តូច និង មធ្យម មានប្រមាណ៩០ភាគរយនៃអាជីវកម្ម ទាំងអស់, ផ្តល់ការងារប្រមាណ៦០-៧០ភាគរយនិង រួម ចំណែក៥០ភាគរយ នៃផលិតផលក្នុងស្រុកសរុប៕