NASA និង Boeing នឹងបញ្ជូនយាន Starliner ត្រឡប់មកផែនដីវិញនៅចុងខែមិថុនា
វ៉ាស៊ីនតោន៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអង្គារថា អង្គការ NASA និងក្រុមហ៊ុន Boeing បានកំណត់យកថ្ងៃទី២៦ ខែមិថុនាខាងមុខនេះ ជាកាលបរិច្ឆេតត្រឡប់មកផែនដីវិញ របស់ក្រុមអវកាសយានិកនៅលើយាន Boeing Starliner ពីស្ថានីយ៍អវកាសអន្តរជាតិ (ISS)។
បេសកកម្មបញ្ជូនអវកាសយានិកដំបូងរបស់យាន Starliner ទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) ត្រូវបានពន្យារពេល ដោយសារតែបញ្ហាខុសប្រក្រតី និងការលេចធ្លាយសារធាតុអេលីយ៉ូម។ អ្នកគ្រប់គ្រងកម្មវិធីអវកាសយានិកពាណិជ្ជកម្ម (Commercial Crew) របស់ NASA លោក Steve Stich បាននិយាយថា យើងចង់ផ្តល់ពេលវេលាដល់ក្រុមរបស់យើងបន្តិចទៀត ដើម្បីធ្វើឱ្យប្រាកដថា យើងពិតជាត្រៀមខ្លួនរួចរាល់ហើយ ដើម្បីវិលត្រលប់មកផ្ទះវិញ។
រីឯលោក Mark Nappi អ្នកគ្រប់គ្រងកម្មវិធីអវកាសយានិកពាណិជ្ជកម្ម (Commercial Crew) របស់ Boeing បានបន្ថែមថា ទោះបីមានការលេចធ្លាយសារធាតុអេលីយ៉ូមក៏ដោយ ប៉ុន្តែយើងជឿជាក់ថា យានអវកាសរបស់យើងនៅតែមានសុវត្ថិភាពល្អ។ មន្ត្រី NASA និង Boeing បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ពួកគេបានកំណត់យកថ្ងៃទី២៦ ខែមិថុនា ជាកាលបរិច្ឆេទត្រឡប់មកផែនដីវិញ សម្រាប់អវកាសយានិកពីរនាក់ គឺលោក Butch Wilmore និង នាង Suni Williams។
លោក Wilmore និងនាង Williams គឺជាអវកាសយានិកដំបូងគេដែលបញ្ជាយាន Starliner របស់ក្រុមហ៊ុន Boeing និង NASA ហោះចេញទៅក្រៅភពផែនដី ជាមួយនឹងក្តីសង្ឃឹមថា នឹងមានការធ្វើដំណើរបន្តបន្ទាប់ទៀតទៅស្ថានីយ ISS ខណៈកន្លងមក បេសកកម្មនេះ ក្រុមហ៊ុន SpaceX បានដើរតួនាទីអស់រយៈពេល ៤ឆ្នាំមកហើយ។
សូមជម្រាបថា Starliner ជាយានអវកាស (Capsule) សម្រាប់ដឹកអវកាសយានិកឡើងទៅកាន់ទីអវកាស ដែលស្ថិតក្នុងកិច្ចព្រមព្រៀងអភិវឌ្ឍន៍រវាងអង្គការ NASA និង Boeing កាលពីឆ្នាំ២០១៤ មានទឹកប្រាក់សរុប ៥ពាន់លានដុល្លារ។
កិច្ចសហការរវាងភាគីទាំងពីរជាការបង្កើនភាពប្រកួតប្រជែងទៅលើបច្ចេកវិទ្យា និងតម្លៃសេវា ដែលអង្គការ NASA កំពុងជំរុញទៅលើវិស័យឯកជន ខណៈគិតចាប់តាំងពីឆ្នាំ២០២០ យាន Crew Dragon របស់ SpaceX បានក្លាយជាយានអវកាសឯកជនតែមួយគត់ ដែលអង្គការ NASA មាន ដើម្បីបម្រើសេវាដឹកអវកាសយានិកទៅកាន់ស្ថានីយអវកាស៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


