លោក Elon Musk ថា បន្ទះឈីបខួរក្បាលនឹងជំនួសទូរស័ព្ទដៃនាពេលអនាគត

វ៉ាស៊ីនតោន៖ មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk បានទស្សន៍ទាយថា មនុស្សនឹងលែងប្រើទូរស័ព្ទដៃនៅពេលអនាគត ហើយជំនួសដោយបន្ទះឈីបដែលត្រូវបានផ្សាំដោយផ្ទាល់នៅក្នុងខួរក្បាលមនុស្ស។

ឆ្លើយតបនឹងសំណួរនៅលើបណ្តាញសង្គម X ដែលបានចោទសួរគាត់ថាតើអ្នកនឹងដំឡើងបច្ចេកវិទ្យាក្នុងបន្ទះឈីបដាក់ក្នុងខួរក្បាលមនុស្ស ដើម្បីអាចគ្រប់គ្រងទូរស័ព្ទ X ថ្មីរបស់គាត់ ដោយការគិតដែរឬទេ? លោក Musk បានឆ្លើយតបដោយអះអាងថា ទៅថ្ងៃអនាគត ទំនងជាមិនមានទូរស័ព្ទទៀតទេ គឺមានតែបន្ទះឈីប Neuralinks ប៉ុណ្ណោះ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនកាលពីឆ្នាំមុន ក្រុមហ៊ុន Neuralink បានបញ្ជាក់ថា កម្មវិធី Precise Robotically Implanted Brain-Computer Interface ហៅកាត់ថា (PRIME) មានគោលបំណងបង្កើត “ចំណុចផ្សាំខួរក្បាលមនុស្ស និងកុំព្យូទ័រ ដែលដំបូងបង្អស់នឹងផ្តល់ឱ្យមនុស្សនូវសមត្ថភាព ក្នុងការគ្រប់គ្រងសញ្ញាបញ្ជាក្នុងកុំព្យូទ័រ (Cursor) ឬក៏ក្តារចុច (Keyboard) ដោយប្រើគំនិតរបស់ពួកគេ។

ក្រោយមកទៀត ខ្លួននឹងត្រួសត្រាយផ្លូវសម្រាប់ការធ្វើបដិវត្តព្យាបាលមនុស្សដែលមានពិការភាពរាងកាយផ្សេងៗ ដូចជាខ្វិន និងពិការភ្នែក ព្រមទាំងជំងឺនានា ដូចជាជំងឺធាត់ជ្រុល, ជំងឺអូទីហ្ស៊ឹម, ជំងឺធ្លាក់ទឹកចិត្ត និងជំងឺវិកលចរិកជាដើម។
រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានផ្តល់ការយល់ព្រមសម្រាប់ការសាកល្បងដាក់បញ្ចូលបន្ទះឈីបដំបូងទៅក្នុងខួរក្បាលមនុស្ស កាលពីឆ្នាំមុន។

ក្រោយមក ក្រុមហ៊ុន Neuralink របស់មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk បានដាក់បញ្ចូលបន្ទះឈីបដំបូងទៅក្នុងខួរក្បាលមនុស្សកាលពីខែមករាឆ្នាំមុន ហើយឥឡូវនេះកំពុងរៀបចំសម្រាប់ការសាកល្បងលើកទីពីរ។ ក្រុមហ៊ុន Neuralink សង្ឃឹមថា បន្ទះឈីបខួរក្បាលនឹងផ្តល់ជីវិតថ្មីដល់អ្នកជំងឺ ខ្វិន ឬ ពិការអវយវៈ ហៅថា Quadriplegia។ Neuralink Corp. គឺជាក្រុមហ៊ុនបច្ចេកវិទ្យាសរសៃប្រសាទរបស់អាមេរិក ដែលបង្កើតឡើងនៅឆ្នាំ ២០២៤ មានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ផ្តោតសំខាន់លើការផ្សាំខួរក្បាល និងកុំព្យូទ័រ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner