សោភ័ណភាពប្រាសាទតុបខាងលិច បានលេចត្រដែតក្រោយពីជួសជុលរួច
(ភ្នំពេញ)៖ នេះជារូបប្រាសាទតុបខាងលិច ស្ថិតនៅក្នុងរាជធានីអង្គរធំ ដែលបាន កសាងនៅសតវត្សរ៍ទី១០ និងកសាងបន្ថែមនៅសតវត្សរ៍ទី១៣ ដល់សតវត្សរ៍ទី១៧ ដោយខឿនដើមសង់ពីថ្មបាយក្រៀម ត្រូវបានរៀបថ្មភក់មួយជាន់ពីលើ។បន្ទាប់ពីជួសជុលរួច ធ្វើឱ្យសោភ័ណភាពបានលេចត្រដែត និងស្រស់ស្អាតជាទីទាក់ទាញភ្ញៀវទេសចរ។
បើតាមអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២៤ថា ក្នុងការជួសជុលនេះតួប៉មកណ្តាលក៏បានកែកុនផងដែរ ដោយរក្សាទុកនូវផ្នែកចម្លាក់លម្អផ្សេងៗ ដូចជា ផែ្តរ និងសសរធ្វើពីថ្មភក់ពណ៌ផ្កាឈូក ព្រមទាំងសង់បន្ថែមតួប៉មចំនួនពីរនៅសងខាងបន្ថែមទៀត។ តួប៉មទាំងអស់នោះសុទ្ធតែមានចម្លាក់រូបព្រះពុទ្ធសាសនា។ នៅសម័យកណ្តាល សាងខឿនទ្រវែងមួយ តពីខឿនចាស់មកខាងកើត។ នៅចុងខាងលិចនៃ ខឿនលយថ្មីនេះ គេឃើញសំណល់បល្ល័ង្កព្រះធំមួយ។

អាយុកាល កត្តាធម្មជាតិ និងការកង្វះការថែទាំរយៈពេលយូរ បានធ្វើឱ្យប្រាសាទនេះរងការខូចខាតស្ទើរតែទាំងស្រុង។ ពេលបច្ចុប្បនេះ ក្រោយចំណាយពេលជួសជុលអស់ជាច្រើនឆ្នាំ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា ជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន ប្រាសាទតុបលិច បានឈររឹងមាំឡើងវិញ បង្ហាញនូវសោភ័ណភាព សម្រាប់ជាទីគោរពបូជា និងទស្សនាស្វែងយល់ពីស្ថាបត្យកម្ម និងក្បាច់ចម្លាក់ផ្សេងៗ។ ត្បិតប្រាសាទតូចមួយនេះ មានភាពស្រស់ស្អាត និងគួរជាទីចាប់អារម្មណ៍ទាំងប្រាសាទ និងធម្មជាតិជុំវិញ ដែលទេសចរមិនត្រូវរំលង។
គួរបញ្ជាក់ថា ប្រាសាទតុបខាងលិច ស្ថិតនៅក្នុងរាជធានីអង្គរធំ ឬនៅខាងលិច ប្រាសាទបាយ័ន ចន្លោះប្រាសាទបាយ័ន និងខ្លោងទ្វារតាកាវ។ បើធ្វើដំណើរ ចេញ ពីប្រាសាទបាយ័នស្ថិតនៅខាងឆ្វេងដៃមានចម្ងាយ ៧០០ម៉ែត្រ និងពីខ្លោងទ្វារតាកាវខាងស្តាំដៃ មានចម្ងាយ៨០០ម៉ែត្រ៕













ដោយ ៖ ម៉ាដេប៉ូ