ស្លាប់ និងរបួសជិត៧០នាក់ ក្នុងហេតុការណ៍រលំតង់សង្កត់មនុស្សនៅប្រទេសឥណ្ឌា
ឥណ្ឌា៖ មនុស្ស១៤នាក់ បានបាត់បង់ជីវិត និងប្រមាណ៥០នាក់ផ្សេងទៀតរងរបួសធ្ងន់-ស្រាល ក្រោយពេលតង់ដ៏ធំរលំសង្កត់ពួកគេអំឡុងពិធីសាសនាក្នុងរដ្ឋ Rajasthan កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ។
ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍ថា ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅជិតវិហារ Rani Bhatiyani ក្នុងសង្កាត់ Barmer មានចម្ងាយប្រមាណជា៥០០គីឡូម៉ែត្រពីទីក្រុង Jaipur។ ប្រភពបន្តថា មុនពេលកើតហេតុ ប្រជាជននៅក្នុងតំបន់បានប្រមូលផ្ដុំគ្នាចូលរួមពិធីសាសនាមួយឈ្មោះ Ram Katha ដែលធ្វើឡើងនៅទីធ្លាសាលារៀន។ បន្ទាប់ពីចាប់ផ្ដើមពិធីមិនបានប៉ុន្មានផង ស្រាប់តែមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បោកបក់រហូតបណ្ដាលឲ្យតង់រលំសង្កត់លើមនុស្សរាប់រយនាក់ដែលនៅក្នុងនោះតែម្តង។
បើតាមអាជ្ញាធរឥណ្ឌា តង់ដែលបានរលំនោះ បានផ្តាច់ជីវិតមនុស្សមួយចំនួនដោយសារគ្រោងដែក និងជាច្រើននាក់ផ្សេងទៀតរងរបួស ហើយក្នុងចំណោមជនរងគ្រោះទាំងអស់ មានអ្នកស្លាប់ដោយសារឆក់ខ្សែភ្លើងដែលគេដំឡើងម៉ាស៊ីនភ្លើងនៅជិតនោះ។ ស្របពេលជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានបង្ហោះសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់ និងជូនពរឲ្យអ្នករងរបួសឆាប់ជាសះស្បើយផងដែរ៕ធ.ដ