ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាងនាសប្តាហ៍ទី១២ ក្រោយយកឈ្នះ ក្រុមម្ចាស់ផ្ទះ អាស៊ីអឺរ៉ុប
ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាងបណ្តោះអាសន្ន នាសប្តាហ៍ទី១២ ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុប ២:០ ក្នុងនោះ កីឡាករ នុប តុលា រកបាន២គ្រាប់ ជួយឲ្យក្រុមព្រះខ័នរាជស្វាយរៀង រកបាន៣ពិន្ទុបន្ថែម កាលពីចុងសប្តាហ៍នេះ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា ជើងទី១ រដូវកាល ២០១៩។
២គ្រាប់របស់កីឡាករ នុប តុលា ធ្វើសម្រេចនៅនាទីនៅនាទី៦២ និងនាទី៦៦ ដែលធ្វើឲ្យព្រះខ័នរាជស្វាយរៀងរក្សាខ្លួននៅលើកំពូលតារាងជាមួយនឹង១២ប្រកួត ឈ្នះ១០ប្រកួត និងស្មើ២ ខណៈ១២ ប្រកួតរបស់អាស៊ីអឺរ៉ុបយូណាយធីត ឈ្នះ៥ប្រកួត ស្មើ១ប្រកួត និងចាញ់៦ប្រកួត មាន១៦ពិន្ទុ ឈរនៅលេខ៩។
ចំពោះ៦ប្រកួតផ្សេងទៀត នាសប្តាហ៍ទី១២ដូចគ្នានេះ រួមមាន៖ អគ្គិសនីកម្ពុជា ០-៣ ក្រសួងការពារ ជាតិ, ភ្នំពេញក្រោន ១-០ អង្គរថាយហ្គឺរ, សូលទីឡូអង្គរ ៥¬-៤ បឹងកេត, គីរីវង់សុខសែនជ័យ ១២-០ ខេត្តកំពង់ចាម, អគ្គស្នងការដ្ឋាននគរបាលជាតិ ៥-១ ក្រុមយុវជនបាទី ខណៈ ក្រុម ណាហ្គាវើល ២-៣ ក្រុម វិសាខា។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា រដូវកាល ២០១៩នេះ នឹងត្រូវបញ្ចប់ជើងទី១ ចំនួន ១ប្រកួតទៀត នាសប្តាហ៍ក្រោយនេះ ស្របពេលដែលការចាប់ផ្តើមជើងទី១ នឹងត្រូវបន្តសប្តាហ៍ទី១៣ នាថ្ងៃទី៦ ខែកក្កដា និងគ្រោងបញ្ចប់នាថ្ងៃទី២៧ ខែតុលា ខាងមុខ៕ធ.ដ