ប្រេសិតពិសេសសហរដ្ឋអាម៉េរិក អំពាវនាវឱ្យពិភពលោកជំរុញឱ្យអ៊ីរ៉ង់ព្យាយាម បន្ធូរបន្ថយភាពតានតឹង

សហរដ្ឋអាម៉េរិក៖ តំណាងពិសេសអាម៉េរិក ទទួលបន្ទុកកិច្ចការប្រទេសអ៊ីរ៉ង់លោក ប្រាយអិន ហ៊ុក នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានធ្វើការអំពាវនាវឱ្យពិភពលោកជំរុញអ៊ីរ៉ង់ ឲ្យជៀសវាងសកម្មភាពបង្កភាពតានតឹងនៅក្នុងតំបន់ឈូងសមុទ្រ ហ្គូល (Gulf)។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅឯទីក្រុងគុយវ៉ែត ប្រទេសគុយវ៉ែត លោក ហ៊ុក បាននិយាយថា ពួកយើងសូមលើកទឹកចិត្តដល់បណ្តាប្រជាជាតិទំាងអស់ ប្រើប្រាស់ផ្នែកការទូតរបស់ខ្លួន ខិតខំព្យាយាមជំរុញឱ្យទីក្រុងតេហេរ៉ង់ជៀសវាងការបង្កភាពតានតឹងនានា។ តំណាងពិសេសអាម៉េរិកទទួលបន្ទុកកិច្ចការអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោនមិនបានកំពុងស្វះស្វែងរកការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ ដើម្បីប្រឆាំងនឹងអ៊ីរ៉ង់ឡើយ ហើយថា សហរដ្ឋអាម៉េរិក ក៏មិនចង់បង្កើនភាពតានតឹងនៅក្នុងតំបន់ផងដែរ។

ការកត់សម្គាល់បែបនេះរបស់លោក ប្រាយអិន ហ៊ុក បានកើតមានឡើងបន្ទាប់ពីអនុប្រធានសភាអ៊ីរ៉ង់ លោក ម៉ាហ្ស៊ូដ ផេហ្ស៊េសគៀន បាននិយាយថា សហរដ្ឋអាម៉េរិក គឺជាមេភេរវករពិភពលោក ដោយសារតែប្រទេសមួយនេះ បានបង្កភាពចលាចល និងអសន្តិសុខនៅក្នុងប្រទេសជាច្រើន តាមរយៈការផ្ដល់អាវុធទំនើបឱ្យពួកភេរវករ។ យ៉ាងណាមិញ អនុប្រធានសភាអ៊ីរ៉ង់រូបនេះមិនបានបង្ហាញភ័ស្ដុតាង ដើម្បីបញ្ជាក់ពីការអះអាងរបស់លោកឡើយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner