រដ្ឋសមាជិកអាស៊ាន ឯកភាពគ្នាសម្រេចឲ្យបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP នៅត្រឹមបំណាច់ឆ្នាំ២០១៩នេះ

ថៃ៖ លោក Chan Chun Sing រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានថ្លែងថា តាមរយៈកិច្ចប្រជុំពិសេស ស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ជាមួយនឹងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន រដ្ឋសមាជិកអាស៊ានបានឯកភាពគ្នាលើសារសំខាន់នៃការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP នៅត្រឹមចុងឆ្នាំ២០១៩នេះ។

ក្នុងកិច្ចប្រជុំពិសេសនេះ រដ្ឋសមាជិកអាស៊ានបានឯកភាពគ្នាលើចំណុចរួមចំនួន៧ជំពូក ក្នុងចំណោមជំពូកសរុបទាំង២០ ពោលគឺបេសកកម្មបន្ទាប់សម្រាប់រដ្ឋសមាជិក គឺបន្តកិច្ចសន្ទនា និងការចចារលើ១៣ជំពូកសេសសល់ ឲ្យបានចប់សព្វគ្រប់ត្រឹមបំណាច់ឆ្នាំ២០១៩នេះ។ RCEP  គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលផ្តួចផ្តើមដោយរដ្ឋាភិបាលចិន និងផ្តើមស្នើឡើងជាផ្លូវការក្នុងឆ្នាំ២០១២ នាឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។

កិច្ចព្រមព្រៀងដែលមានទំហំពាណិជ្ជកម្មស្មើនឹង៣០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកនេះ បង្កើតឡើងដើម្បីប្រែក្លាយតំបន់រដ្ឋអាស៊ាន និងដៃគូសន្ទនារបស់ខ្លួនក្លាយជាតំបន់ពាណិជ្ជកម្មសេរី។ ភាគីនៃកិច្ចព្រមព្រៀងនេះ រាប់បញ្ចូលសមាជិកអាស៊ានទាំងដប់ និងដៃគូសន្ទនាផ្សេងទៀតរួមមានចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និង នូវែលសេឡង់។ តាមពិតទៅ RCEP គ្រោងនឹងបញ្ចប់ការព្រមព្រៀងគ្នាតាំងពីឆ្នាំ២០១៥ ប៉ុន្តែត្រូវបន្តពន្យារពេលជាបន្តបន្ទាប់ ដោយសារសមាជិករបស់ RCEP មួយចំនួននៅមិនឯកភាពលើប្រការដែលត្រូវបញ្ញត្តិរួម៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner