សហរដ្ឋអាម៉េរិក ចង់បានកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយទៀតជាមួយអ៊ីរ៉ង់
សហរដ្ឋអាម៉េរិក៖ ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន NBC កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកចង់បានកិច្ចព្រមព្រៀងថ្មីជាមួយអ៊ីរ៉ង់ ក្នុងទម្រង់ជាទ្វេភាគី ឬពហុភាគីក៏បានដែរ ហើយនៅក្នុងបទសម្ភាសន៍នេះដែរ លោក ត្រាំ ក៏បានបញ្ជាក់ដែរថា លោកចង់ចរចាជាជាងធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់។
ជុំវិញមូលហេតុបោះបង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កន្លងមកនេះ លោក ដូណាល់ ត្រាំ បានអះអាងថា កិច្ចព្រមព្រៀងនេះ បានដាក់កំហិតលើកម្រិតនៃការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមអ៊ីរ៉ង់តែ១៥ឆ្នាំប៉ុណ្ណោះ ហើយនៅពេលកិច្ចព្រមព្រៀងនេះផុតសុពលភាពទៅ ទីក្រុងតេហេរ៉ង់ នឹងអាចឆ្ពោះទៅរកការសម្រេចបានអាវុធនុយក្លេអ៊ែរដោយងាយ។
ការកត់សម្គាល់ខាងលើរបស់ប្រធានាធិបតីអាមេរិករូបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោក ត្រាំ ផ្ទាល់បានប្រកាសកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះថា ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមប្រឆាំងជាមួយអ៊ីរ៉ង់ នឹងត្រូវចូលជាធរមាននៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីរារាំងកុំឱ្យសាធារណរដ្ឋអ៊ិស្លាមមួយនេះមានអាវុធនុយក្លេអ៊ែរ។ បន្ថែមលើនេះ លោក ត្រាំ ក៏បានបញ្ជាក់ដែរថា ជម្រើសប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងទីក្រុងតេហេរ៉ង់ នៅតែស្ថិតនៅលើតុរបស់លោកជានិច្ច៕ធ.ដ