គ្រូអត្តពលកម្មស្ម័គ្រចិត្តមកពី៨រាជធានី-ខេត្ត មកសិក្សាវគ្គគ្រូបង្វឹកកម្រិតអន្តរជាតិ

អត្ថបទដោយ៖
Kien Sereyvuth

ដើម្បីទទួលបានចំណេះដឹងថ្មីៗកម្រិតអន្តរជាតិ សហព័ន្ធខ្មែរកីឡាអត្តពកម្មស្ម័គ្រចិត្ត បានកោះហៅមន្ត្រីរបស់ខ្លួនជាង២០រូប មកពី៨ខេត្ត-រាជធានី ឲ្យមកសិក្សាវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកអន្តរជាតិ កម្រិត១ CECS-Level 1 Course លើកដំបូងរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ក្រោមថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា នៅសាលប្រជុំ នាយកដ្ឋានអប់រំកាយ និងកីឡា នៃពហុកីឡដ្ឋានជាតិម្សិលមិញ ដោយអញ្ជើញបើកវគ្គពីឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និងជាប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត។

លោក Azam Abu Hashim មានប្រសាសន៍ថា លោកមកនេះ គឺលោកនាំមកចែករំលែក នូវអ្វីដែលជាប្រព័ន្ធ សម្រាប់បណ្ដុះបណ្ដាល គ្រូបង្វឹក ហេតុនេះវគ្គនេះ សិក្ខាកាមត្រូវតែធ្វើឲ្យបានល្អ ទាំងការឲអនុវត្តន៍លើទីលាន និងទ្រឹស្ដី។ គ្រូបង្វឹកមានតួនាទីសំខាន់ណាស់ គឺត្រូវយល់ពីអារម្មណ៍ របស់កីឡាករ-កីឡាការិនី តួនាទីគ្រូមុនពេលប្រកួត ពេលកំពុងប្រកួត និងបន្ទាប់ពីប្រកួតចប់។

ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និងជាប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានប្រាប់ ដល់សិក្ខាកាមទាំងអស់ ឲ្យមករៀនឲ្យបានទៀងទាត់ មានវិន័យក្នុងកាសិក្សា។ គ្រូជិះយន្ដហោះ ស្ពាយគម្ពីរមកបង្រៀនដល់ស្រុកហើយ ហេតុនេះ ត្រូវតែហ៊ានសួរ បន្ទាប់ពីបានទទួលចំណេះដឹង ហើយនោះ ត្រូវតែយកទៅអនុវត្តន៍ អភិវឌ្ឍន៍ខ្លួនឯង បណ្ដុះបណ្ដាលកីឡាករ-កីឡាការិនី ឲ្យមានសក្ដានុពល ដោយមិនត្រូវយកទៅចាក់សោរចោលទុកក្នុងទូនោះឡើយ។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ ដោយអ្នកជំនាញ មកពីសហព័ន្ធកីឡាអត្តពលកម្មទ្វីបអាស៊ី គឺលោក Azam Abu Hashim  ក្នុងនោះមានសិក្ខាកាម២៥រូបចូលរួម ដែលមកពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ខេត្តពោធិ៍សាត់ កំពង់ធំ សៀមរាប ស្ទឹងត្រែង កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង  និងរាជធានីភ្នំពេញ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner