រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជំរុញឲ្យប្រតិបត្តិករទេសចរណ៍ ការីទេសចរណ៍ ដាក់បញ្ចូលកម្មវិធីជិះស៊ីក្លូ នៅក្នុងកញ្ចប់ទស្សនកិច្ច
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន ជំរុញឲ្យប្រតិបត្តិករទេសចរណ៍ ការីទេសចរណ៍ ដាក់បញ្ចូលកម្មវិធីជិះស៊ីក្លូ នៅក្នុងកញ្ចប់ទស្សនកិច្ច ដើម្បីលើកទឹកចិត្តអ្នកប្រកបរបរធាក់ស៊ីក្លូ និងលើកកម្ពស់វិស័យទេសចរណ៍ស៊ីក្លូ ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ការថ្លែបែបនេះធ្វើឡើង ក្នុងព្រឹត្តិការណ៍ប្រណាំងទេសចរណ៍ឆ្នាំ២០១៩ ធ្វើឡើងក្រោមប្រធានបទ « អភិរក្សស៊ីក្លូ ដើម្បីទេសចរណ៍ » កម្មវិធីនេះរៀបចំដោយសមាគមទេចរណ៍កម្ពុជា សហការជាមួយក្រសួងទេសចរណ៍ សមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ និងសាលរាជធានីភ្នំពេញ ស្ថិតទីតាំងសួនច្បារព្រះបារមីជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ការប្រណាំងស៊ីក្លូនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់បណ្តុះស្មារតីគាំទ្រ និងអភិរក្សស៊ីក្លូ នៅកម្ពុជា ពីព្រោះថា ស៊ីក្លូមិនត្រឹមតែ បានដើរតួនាទីជាមធ្យោបាយធ្វើដំណើរមួយ ដែលមិនប៉ះបាល់ដល់បរិស្ថាន និងបម្រើ ដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅទីក្រុងប៉ុណ្ណោះទេ តែវាបានដើរតួជាផលិតផលទេសចរណ៍បៃតង ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរ តាមរយៈការផ្តល់សេវាកម្ម ស៊ីក្លូទេសចរណ៍ នៅក្នុងកញ្ចប់ទស្សនកិច្ច។
ឯកឧត្តមរដ្ឋមន្រ្តី បន្ដថា ការប្រណាំងស៊ីក្លូនេះ គឺជាសកម្មភាពដ៏ទាក់ទាញដល់មហាជន សំដៅបណ្ដុះស្មារតី យុវជនឲ្យជួយគាំទ្រ និងអភិរក្ស ជាពិសេសជំរុញដល់ប្រត្តិបត្តិករទេសចរណ៍ ការីទេសចរណ៍ ឲ្យជួយផ្សព្វផ្សាយណែនាំដល់ភ្ញៀវទេសចរ និងដាក់បញ្ចូលកម្មវិធីជិះស៊ីក្លូ នៅក្នុងកញ្ចប់ទស្សនកិច្ច ដើម្បីប្រលងប្រណាំងទីក្រុងស្អាត គួរយកចិត្តទុកដាក់រៀបចំឲ្យស៊ីក្លូ នៅតាមបណ្តារាជធានី ខេត្ត ក្រុង ឲ្យមានស្តង់ដា ជាពិសេសចំណតស៊ីក្លូ ឯកសណ្ឋានត្រឹមត្រូវ ការទទួលបដិសណ្ឋារកិច្ចល្អ ការផ្តល់សេវាកម្មប្រកបដោយភាពរួសរាយរាក់ទាក់ដល់ភ្ញៀវទេសចរជាដើម។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគាំទ្រការអភិរក្សស៊ីក្លូ ដើម្បីទេសចរ ព្រោះវាបានឆ្លុះបញ្ចាំងពីការលើកទឹកចិត្ត គាំទ្រ និងចូលរួមអភិរក្សដល់អ្នកប្រកបរបរស៊ីក្លូ និងសមាគមស៊ីក្លូដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការអភិរក្សត្រីចក្រយានកម្ពុជា ស៊ីក្លូ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបាន បង្កើតនូវសមាគម មូលនីធិត្រីចក្រយាន ឬមូលនីធិស៊ីក្លូ និងមានសម្តេចតេជោផ្ទាល់ ជាប្រធានកិត្តិយស។
គួរបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងស៊ីក្លូទេសចរណ៍២០១៩ មានកីឡាករធាក់ស៊ីក្លូ១៣០ ចូលរួម ប្រណាំងលើចម្ងាយ៨០០ម៉ែត្រ ជាលទ្ធផល លេខ១បានទៅលើ លោក រ៉ុន ចក់ មកពីខេត្តព្រៃវែង មានស៊ីក្លូពាក់ស្លាកលេខ១១៧ ទទួលបានថវិកាចំនួន៤០ម៉ឺនរៀល លេខ២ លោក ដូសារឿន មកពីខេត្តស្វាយរៀង ទទួលបានថវិកា ចំនួន៣២ម៉ឺនរៀល និងលេខ៣ លោក ស៊ឹម ជឿន មកពីខេត្តព្រៃវែង ទទួលបាន២៤ម៉ឺនរៀល។ ដោយឡែកអ្នកចូលរួមដែលមិនទទួលបានជ័យលាភី ក៏ទទួលបានការឧបត្ដម្ភ ក្នុងម្នាក់ៗនូវថវិកាចំនួន១០ម៉ឺនរៀលផងដែរ៕ធ.ដ