ទេសចរបរទេសសម្រុកទៅថៃ ៧ខែបាន ២០លាននាក់
បាងកក៖ លោកនាយករដ្ឋមន្ត្រីថៃ Srettha Thavisin បានឲ្យដឹងតាមរយៈបណ្តាញសង្គម X ថា ក្នុងរយៈពេល៧ខែ គិតចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ២៥ ខែកក្កដា ភ្ញៀវអន្តរជាតិចំនួន ២០លាននាក់ បានហោះហើរពីគ្រប់ទិសទី ចូលទៅលេងកំសាន្តនៅប្រទេសថៃ។ ចំនួននេះកើនឡើង ៣៤% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
យោងតាមកាសែតបាងកកប៉ុស្តិ៍ លោក Srettha Thavisin បានកោតសរសើរវិធានការរបស់ក្រសួងពាក់ព័ន្ធដើម្បីលើកស្ទួយវិស័យទេសចរណ៍ថៃឲ្យស្ទុះឡើងមិននឹកស្មាន ក្នុងនោះ ការធ្វើដំណើរដោយគ្មានទិដ្ឋាការ ផ្តល់ជម្រើសហោះហើរកាន់តែច្រើន ការបង្កើតមជ្ឈមណ្ឌលអាកាសចរណ៍ និងការកែលម្អកន្លែងទេសចរណ៍ ជាដើម។
ចំនួនអ្នកទេសចរមកពីឥណ្ឌា បានឈានដល់កម្រិតខ្ពស់ ជាប្រវត្តិសាស្ត្រ ដែលលោកលើកឡើងថាទំនងជាលទ្ធផលនៃគោនយោបាយកលើកលែងទិដ្ឋាការ។ គម្រោងនេះអនុញ្ញាតឱ្យភ្ញៀវ មកពី៩៣ប្រទេស ស្នាក់នៅក្នុងប្រទេសថៃ មិនចាំបាច់សុំទិដ្ឋាការ រហូតដល់ ៦០ថ្ងៃ។ គម្រោងនេះបានចាប់ផ្តើម កាលពីចុងឆ្នាំមុន ហើយឥឡូវនេះ ត្រូវបានបន្ត រហូតដល់ថ្ងៃទី ១១ ខែវិច្ឆិកា។
ក្រសួងទេសចរណ៍ និងកីឡាថៃ បានបង្ហាញរបាយការណ៍ថា ក្នុងពេល៧ខែមកនេះ ក្រៅពីឥណ្ឌា ភ្ញៀវច្រើនបន្ទាប់ទៀត គឺភ្ញៀវចិន និងម៉ាឡេស៊ី។ ក្រសួងនេះធ្លាប់ព្យាករណ៍ថា នៅឆ្នាំ២០២៤នេះ ភ្ញៀវទេសចរអន្តរជាតិ អាចមាន រហូតដល់៣៥លាននាក់ រកចំណូលប្រមាណ ជាង៨.៣ពាន់លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ សារ៉ាត