បាក់ដីនៅចម្ការតែឥណ្ឌា ស្លាប់មនុស្ស ១០០នាក់
បរទេស៖ ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានការបាក់ដី នៅឯចំការតែជាច្រើនកន្លែង ស្ថិតក្នុងស្រុក Wayanad រដ្ឋ Kerala ប្រទេសឥណ្ឌា សម្លាប់មនុស្ស ១០៨នាក់ កាលពីថ្ងៃអង្គារ។ ប៉ុន្តែ មនុស្សយ៉ាងតិច ២៥០នាក់ផ្សេងទៀត ត្រូវបានសង្គ្រោះពីភក់ និងកំទេចកំទី ទាន់ពេលវេលា។
អភិបាលរដ្ឋ លោក Pinarayi Vijayan បាននិយាយថា មនុស្ស១២៨នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីរងរបួស ហើយមនុស្សប្រមាណ ៣០០០នាក់ បានជ្រកកោន នៅក្នុងជំរុំសង្គ្រោះបន្ទាន់ ជុំវិញស្រុក។ លោកចាត់ទុកថា ជាគ្រោះធម្មជាតិ ដ៏អាក្រក់បំផុត ដែលពុំធ្លាប់កើតមាន នៅក្នុងរដ្ឋតំបន់ឆ្នេរ មួយនេះ។
ទាហានជាង២០០នាក់ ត្រូវបានបញ្ជូន ទៅកាន់តំបន់នោះ ដើម្បីជួយសហការ ជាមួយកងកម្លាំងសន្តិសុខរដ្ឋ និងក្រុមពន្លត់អគ្គីភ័យ ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi បាននិយាយថា គ្រួសាររបស់អ្នកស្លាប់ នឹងទទួលបានប្រាក់សំណង ចំនួន២៤០០ ដុល្លារអាមេរិក។
នៅក្នុងស្រុក Wayanad នេះ ក្រៅពីចម្ការតែ ក៏មានផ្ទះជាច្រើនទៀត ត្រូវបានវាយប្រហារដោយការបាក់ដី បន្តបន្ទាប់គ្នា នៅពេលព្រឹកព្រលឹម ផងដែរ ពោលគឺក្នុងពេលដែលប្រជាជន ភាគច្រើន កំពុងដេកលង់លក់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត