ប្រាង្គបណ្តាល័យសង់ពីឥដ្ឋនៅជ្រុងឦសាន ប្រាសាទភ្នំក្រោម ត្រូវបានជួសជុលឡើងវិញ

(ភ្នំពេញ)៖ប្រាង្គបណ្ណាល័យសង់ពីឥដ្ឋនៅជ្រុងឦសានរបស់ប្រាសាទភ្នំក្រោម​ត្រូវបានជួសជុលដើម្បីទប់ស្កាត់ការខូចខាត និងពង្រឹងភាព​រឹងមាំឱ្យគង់វង្សយូរ​អង្វែង​បន្តទៀត។នេះបើតាមការឱ្យដឹងពីសំណាក់អាជ្ញាធរជាតិអប្សរា។

ទាក់ទិនក្នុងរឿងនេះលោក រស់ វិសុទ្ធ មន្រ្តី អភិរក្ស ប្រាសាទ នៃ អាជ្ញាធរជាតិ​អប្សរា ឱ្យដឹងថា ដោយសាររចនាសម្ព័ន្ធសំណង់ប្រាសាទភ្នំក្រោម​រងនូវអាកាស​ធាតុក្តៅសើមសម្ពាធខ្យល់ពីបឹងទន្លេសាបជាប្រចាំ ក្នុងនោះសំណង់បណ្ណា​ល័យដែលសង់ពីឥដ្ឋស្ថិតនៅទិសឦសាន បាត់បង់អស់នូវកំបោរបាយអ សឹករិចរិលខឿនជើងជញ្ជាំង រួមទាំងគ្រឿងបង្គុំទ្វារថ្មភក់ជើងក្រោមផង។ ជញ្ជាំងជ្រុងពាយ័ព្យហែកក្រៀក កំពូលប្រាសាទខូចខាតជ្រាបទឹក​ពេលភ្លៀងជាដើម។

មន្រ្តីអភិរក្សរូបនេះបន្តថា អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់​ជួសជុល​ពង្រឹងខឿនជើងជញ្ជាំងជុំវិញ។ ជួសជុលជ្រុងនិរតី និងជ្រុងឦសានរហូតដល់​ក្បាំង​ជញ្ជាំងខាងលើ និងពង្រឹងរចនាសម្ពន្ធកំពូលប្រាសាទការពារជម្រាបទឹក និងសត្វល្អិត ដើម្បីឱ្យប្រាសាទនេះរឹងមាំដោយគោរពទៅតាមធម្មនុញ្ញអង្គរ។

គួរបញ្ជាក់ថា ប្រាសាទភ្នំក្រោម ស្ថិតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។ ប្រាសាទនេះកសាងនៅចុងសតវត្សរ៍ទី៩ ដើមសតវត្សរ៍ទី១០ សង់ពីឥដ្ឋ ថ្មភក់ និងថ្មបាយកៀ្រម លើភ្នំកម្ពស់១៤០ម៉ែត្រ ជាភ្នំនៅទំនាបមាត់បឹងទន្លេសាបខាងត្បូងក្រុងសៀមរាប ក្នុងចម្ងាយ១២គីឡូម៉ែត្រ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner