មហាអយ្យការអមតុលាការកំពូល កម្ពុជា និងឡាវ ចុះអនុស្សរណៈ​យោគ​យល់​គ្នា ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យព្រហ្មទណ្ឌ

(ភ្នំពេញ)៖ មហាអយ្យការអមតុលាការកំពូល កម្ពុជា និងឡាវ ចុះអនុស្សរណៈ​យោគយល់គ្នា ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យព្រហ្មទណ្ឌ ពោលគឺប្រយុទ្ធប្រឆាំង និងទប់ស្កាត់គ្រប់បទល្មើសឆ្លងដែននៅតាមបណ្តា​ខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរកម្ពុជា-ឡាវ ។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីចុះហត្ថលេខាលើអនុស្សរណៈ នៃ​ការយោគយល់ (MOU) រវាងមហាអយ្យការអមតុលាការកំពូល កម្ពុជា ជាមួយអយ្យការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីកិច្ចសហប្រតិបត្តិការជាមិត្តភាព និងការយោគយល់គ្នាទៅវិញទៅ​មក​រវាងប្រទេសទាំងពីរក្នុងនាមអ្នកជិតខាងល្អ និងការបង្កើនប្រសិទ្ធភាព​ចំពោះការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងនៅ​រាជធានីភ្នំពេញ ក្រោមវត្តមានលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហា​អយ្យការ​អមតុលាការកំពូល នៃ កម្ពុជា និងឯកឧត្តម ស៊ៃសាណា ឃុតភុនថន (Xaysana Khotphounthone) អគ្គរដ្ឋអាជ្ញានៃអយ្យការប្រជាជនកំពូល​នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ។

ចំណុចសំខាន់ៗ ដែលភាគីទាំងពីរ បានឯកភាពគ្នា រួមមាន ៖ ១.ក្របខណ្ឌនៃការពង្រឹងសមត្ថភាព ដោយភាគីទាំងពីរ បានឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកសមត្ថភាពព្រះរាជអាជ្ញា តាមរយៈសកម្មភាពរៀបចំកិច្ចប្រជុំ សិក្ខាសាលា វគ្គបណ្តុះបណ្តាល ទស្សនកិច្ចសិក្សា និងយន្តការចែករំលែកបទពិសោធន៍ ឧត្តមានុវត្តន៍ការងារ និងនិន្នាការវិវឌ្ឍន៍នៃឧក្រិដ្ឋកម្មឆ្លងដែន នានាផ្សេងទៀត ដែលប្រឈម​នឹងកើតឡើងនៅតាមបណ្តាព្រំដែនរបស់ប្រទេសទាំងពីរ។ បន្ថែមពីនេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងរៀបចំសន្និសីទព្រះរាជអាជ្ញា/រដ្ឋអាជ្ញា កម្ពុជា-ឡាវលើកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្មឆ្លងដែន រៀងរាល់ពីរឆ្នាំម្តងដោយប្តូរវេនគ្នា។

២.ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ក្នុងនោះភាគីទាំងពីរ បានឯកភាពគ្នាក្នុងការជួយសម្រួលដល់ស្ថាប័នអយ្យការជាប់ព្រំដែនក្នុងការបង្កើន និងពង្រឹងទំនាក់ទំនង ដើម្បីផ្តល់ព័ត៌មានឱ្យគ្នាបានឆាប់​រហ័សពាក់ព័ន្ធនឹងបទល្មើសទាំងឡាយណាដែលបានកើតឡើង ហើយទាមទារការរួមគ្នាសហការបង្ក្រាប ឬ ផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញ​ទៅមក។ ក្រៅពីនេះ ភាគីទាំងពីរក៏បានឯកភាព​គ្នាក្នុងការពន្លឿន​កិច្ច​សហប្រតិបត្តិការក្រៅផ្លូវការលើការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌផងដែរ ។

ទន្ទឹមនេះ ការចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាងប្រទេសទាំងពីរនេះ នឹងកាន់តែពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ហើយកិច្ចសហប្រតិបត្តិការនេះ នឹងរួមចំណែកយ៉ាងច្រើន ក្នុងការលើកកម្ពស់ទំនាក់ទំនងអ្នកជិតខាងដ៏ល្អរបស់ប្រទេសទាំងពីរ ការពង្រឹងពង្រីកភាពជាដៃគូរយូរអង្វែង ក្នុងការជម្រុញស្ថិរភាព សន្តិសុខ និងវិបុលភាពរបស់ប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner