ព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស

ភ្នំពេញ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។ ការអនុម័តនេះ បានធ្វើឡើងនៅក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានឲ្យដឹងថា កម្ពុជារំពឹងថា បន្ទាប់ពីការចូលជាធរមាន ច្បាប់នេះ នឹងផ្តល់ឱ្យកម្ពុជាយើងនូវក្របខ័ណ្ឌច្បាប់ដ៏រឹងមាំដែលគាំទ្រដល់ការអភិវឌ្ឍវិស័យអាកាសចរណ៍របស់ខ្លួន ហើយក៏នឹងជំរុញកំណើនសេដ្ឋកិច្ចតាមរយៈទេសចរណ៍ ពាណិជ្ជកម្ម និងធានាការការពារសិទ្ធិអ្នកដំណើរតាមផ្លូវអាកាស ដែលរួមចំណែកដល់វឌ្ឍនភាព និងយុត្តិធម៌សង្គម ព្រមទាំងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់និងពិភពលោកផង។

តាមរយៈសេចក្តីសន្និដ្ឋានរួមរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា និងការពិភាក្សាផ្តល់យោបល់នៅក្នុងកិច្ចប្រជុំវិសាមញ្ញ អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការជំរុញដំណើរសេដ្ឋកិច្ចកម្ពុជាឱ្យឆ្ពោះទៅមុខដោយល្បឿនលឿន។

ការអនុម័តសេចក្តីព្រាងច្បាប់នេះ ក៏ជាការវិនិយោគដើម្បីអនាគតសំដៅឈានទៅសម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលស្ថិតនៅក្នុងបញ្ចកោណទី២ (ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង) និង មុំទី២ (ការលើកកម្ពស់ការតភ្ជាប់និងការបង្កើនប្រសិទ្ធភាពលើវិស័យដឹកជញ្ជូន ឡូជីស្ទីក វិស័យ ថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល)។

ក្រោយពីសមាជិកព្រឹទ្ធសភាបានឡើងមានយោបល់ និងលើកជាសំណួររួចមក ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕

ដោយ៖ពលជ័យ
រូបភាព៖ ព្រឹទ្ធសភា

ads banner