បន្ទះឈីប និង AI ជំរុញសន្ទុះប្រាក់ចំណេញ Samsung លឿនបំផុត

សេអ៊ូល៖ ក្រុមហ៊ុន Samsung កាលពីថ្ងៃពុធ បានរាយការណ៍ពីកំណើនប្រាក់ចំណេញដ៏លឿនបំផុតចាប់តាំងពីឆ្នាំ២០១០ នៅក្នុងត្រីមាសទី២ឆ្នាំនេះ ដោយសារសន្ទុះតម្រូវការបន្ទះឈីប និង AI។

ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំដ៏ធំបំផុតរបស់ពិភពលោកនេះ បានប្រកាសពីប្រាក់ចំណេញចំនួន ៧.៥ពាន់លានដុល្លារ ដោយសារតែកំណើនតម្រូវការទីផ្សារអង្គចងចាំបានជំរុញឱ្យតម្លៃលក់ជាមធ្យមហក់ឡើងខ្ពស់ជាងមុន នៅក្នុងរយៈពេលពីខែមេសា ដល់ខែមិថុនា។

Samsung បន្តថា ការលក់ដ៏រឹងមាំនៃបន្ទះ OLED ដែលត្រូវបានប្រើបង្កើតអេក្រង់ឌីជីថល ក៏បានរួមចំណែកជួយដល់កំណើនប្រាក់ចំណេញផងដែរ។ តួលេខនេះកើនឡើង ១.៤៦២ភាគរយ ដល់ជាង ៤៨៨លានដុល្លារ លើសពីការរំពឹងទុករបស់ទីផ្សារ។ Samsung បន្ថែមថា ការលក់បានកើនឡើង ២៣.៤ភាគរយ ដល់ជាង ៥៣ពាន់លានដុល្លារ។

បន្ទះឈីប គឺជាសរសៃឈាមជីវិតនៃសេដ្ឋកិច្ចពិភពលោក ដែលត្រូវបានគេយកទៅប្រើប្រាស់គ្រប់ឧបករណ៍ទាំងអស់ រាប់ចាប់ពីឧបករណ៍ផ្ទះបាយ និងទូរស័ព្ទដៃ រហូតដល់ឡាន និងគ្រឿងសព្វាវុធ។ ហើយតម្រូវការសម្រាប់បន្ទះឈីបកម្រិតខ្ពស់ភ្ជាប់ AI បានកើនឡើងយ៉ាងគំហុក ដោយសារភាពជោគជ័យរបស់ ChatGPT និងផលិតផល AI ជំនាន់ផ្សេងទៀត។

គ្រឿងអេឡិចត្រូនិក គឺជាការនាំចេញឈានមុខគេរបស់កូរ៉េខាងត្បូង ជាមួយនឹងទឹកប្រាក់ ១៣.៤ពាន់លានដុល្លារក្នុងខែមិថុនា ដែលនេះជាកម្រិតខ្ពស់បំផុត ដែលស្មើនឹង១ភាគ៥នៃការនាំចេញសរុបរបស់ប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមតួលេខដែលចេញផ្សាយដោយសេវាគយ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner