មន្រ្តីជាន់ខ្ពស់អាម៉េរិកអះអាងថា ទីក្រុងវ៉ាស៊ីនតោនបើកទ្វារចំហរសម្រាប់កិច្ចចរចាដោយគ្មានបុរេលក្ខខណ្ឌ ប៉ុន្តែនៅតែដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើង
សហរដ្ឋអាម៉េរិក៖ អ្នកតំណាងពិសេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោក ស្ទេហ្វិន ប៊ីហ្គាន់ បាននិយាយនៅក្នុងថ្ងៃពុធនេះថា ទីក្រុងវ៉ាស៊ីនតោនមានបំណងចង់បន្តធ្វើកិច្ចចរចានុយក្លេអ៊ែរជាមួយកូរ៉េខាងជើង ប៉ុន្តែនៅថ្ងៃដដែលនេះ ក្រសួងរតនាគារជាតិអាម៉េរិកក៏បានប្រកាសដាក់ទណ្ឌកម្មថ្មីទៀតប្រឆំាងនឹងទីក្រុងព្យុងយ៉ាងផងដែរ ។

ថ្លែងនៅឯវេទិកាមួយដែលរៀបចំឡើងក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោក ប៊ីហ្គាន់ បានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិកមិនតម្រូវឱ្យមានបុរេលក្ខខណ្ឌ សម្រាប់កិច្ចចរចាសារជាថ្មីទៀតជាមួយកូរ៉េខាងជើង ចាប់តំាងពីជំនួបកំពូលលើកទី២រវាងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងមេដឹកនំាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កាលពីចុងខែកុម្ភៈកន្លងទៅ ត្រូវបរាជ័យ ។

អ្នកតំណាងពិសេសសហរដ្ឋអាម៉េរិករូបនេះបានបន្ថែមទៀតថា សហរដ្ឋអាម៉េរិកនឹងនៅតែបន្តធ្វើកិច្ចពិភាក្សាលើការប្តេជ្ញាចិត្តទំាងអស់ ដែលត្រូវបានព្រមព្រៀងគ្នារវាងមេដឹកនាំប្រទេសទំាងពីរ នាអំឡុងជំនួបកំពូលលើកដំបូងនៅឯប្រទេសសង្ហិបុរីកាលពីឆ្នំាមុន ដែលក្នុងនោះរួមមាន ការធានាសន្តិសុខសម្រាប់កូរ៉េខាងជើង ហើយលោក ប៊ីហ្គាន់ បានសង្កត់ធ្ងន់ថា ការរីកចម្រើនទំាងនោះ នឹងតម្រូវឱ្យទីក្រុងព្យុងយ៉ាង ចាត់វិធានការដែលមានសារៈសំខាន់ និងអាចផ្ទៀងផ្ទាត់បាន ដើម្បីរំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ៕ធ.ដ
