មន្ទីរបញ្ចកោណប្រកាសថា កងទ័ព១,០០០នាក់ ប្រព័ន្ធមីស៊ីល Patriot និងយន្តហោះដ្រូន-ស៊ើបការណ៍ នឹងត្រូវបញ្ជូនព្រមគ្នាទៅកាន់តំបន់មជ្ឈិមបូព៌ា

សហរដ្ឋអាម៉េរិក៖ ការដាក់ពង្រាយកងទ័ពបន្ថែមចុងក្រោយរបស់សហរដ្ឋអាម៉េរិក ក៏មានរួមបញ្ចូលទាំងការបញ្ជូនប្រព័ន្ធមីស៊ីល ផេតត្រូត យន្ដហោះដ្រូន និងយន្ដហោះស៊ើបការណ៍ផងដែរទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីត្រៀមទប់ទល់នឹងការបង្កហេតុរបស់អ៊ីរ៉ង់ នេះបើតាមមន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាម៉េរិក ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន មន្ទីរបញ្ចកាណបានបញ្ជាក់នៅក្នុងថ្ងៃពុធនេះថា សហរដ្ឋអាម៉េរិកមិនមែនចង់បង្កសង្រ្គាមជាមួយអ៊ីរ៉ង់ឡើយ ហើយការបញ្ជូនកងកម្លាំងយោធាបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា គឺមានចេតនាការពារកងទ័ព និងផលប្រយោជន៍អាម៉េរិកនៅក្នុងតំបន់ប៉ុណ្ណោះ ។

សូមរំលឹកផងដែរថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីខែឧសភាកន្លងទៅ ក៏ធ្លាប់បានប្រកាសបញ្ជូនកងទ័ព១,៥០០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ាផងដែរ បន្ទាប់ពីកប៉ាល់ដឹកប្រេងចំនួន០៤គ្រឿងរងការវាយប្រហារនៅឯតំបន់ឈូងសមុទ្រនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម ។ ទាំងការវាយប្រហារលើកប៉ាល់ដឹកប្រេងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន និងកាលពីខែឧសភាកន្លងទៅ សុទ្ធតែត្រូវបានសហរដ្ឋអាម៉េរិកចោទប្រកាន់តែឯងថា អ៊ីរ៉ង់ជាអ្នកប្រព្រឹត្ត តែទីក្រុងតេហេរ៉ង់បានបដិសេធយ៉ាងដាច់ខាត ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner