UN ព្យាករណ៍ថា ឥណ្ឌានឹងក្លាយជាប្រទេសមានចំនួនប្រជាជនច្រើនជាងគេ លើពិភពលោក នៅឆ្នាំ២០៥០
ឥណ្ឌានឹងវ៉ាដាច់ចិន ក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេបំផុត នៅលើពិភពលោកនៅឆ្នាំ២០២៧ ខណៈប្រជាជននៅលើពិភពលោកទាំងមូលនឹងកើនដល់៩,៧ពាន់លាននាក់នៅឆ្នាំ២០៥០។ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិចេញផ្សាយ ដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃព្រហស្បតិ៍ត ទី២០ ខែមិថុនា ឆ្នាំ២០១៩។

មហាយក្សចិន និងឥណ្ឌាមានប្រជាជនសរុបស្មើនឹង៣៧ភាគរយ នៃអត្រាប្រជាជនពិភពលោកដែលបច្ចុប្បន្នមានចំនួន៧,៧ពាន់លាននាក់ ក្នុងនោះចិនមានជាង១,៤ពាន់លាននាក់ ឯឥណ្ឌាមានជាង ១,៣ពាន់លាននាក់។ ប៉ុន្តែបើតាមរបាយការណ៍ មានចំណងជើងថា ទស្សនវិស័យប្រជាជនពិភពលោកឆ្នាំ២០១៩ របស់អង្គការសហប្រជាជាតិ ចេញផ្សាយនៅក្នុងសប្ដាហ៍នេះតែម្តង នៅត្រឹមឆ្នាំ២០២៧ ឥណ្ឌានឹងយកឈ្នះចិន ក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេបំផុត នៅលើពិភពលោក។

លើសពីនេះទៅទៀត នៅចន្លោះឆ្នាំ២០១៩ និងឆ្នាំ២០៥០ ប្រជាជននៅក្នុងប្រទេស ឬតំបន់ចំនួន ៥៥ នឹងមានការធ្លាក់ចុះយ៉ាងតិចណាស់១ភាគរយ ដោយសារតែកម្រិតជីវភាពទាប និងការកើនឡើងនៃការធ្វើចំណាកស្រុកជាដើម។ របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ប្រជាជនចិននឹងធ្លាក់ចុះ ២,២ភាគរយ ហើយដែលនេះនឹងអាចធ្វើឱ្យប្រជាជនចិនធ្លាក់មកនៅត្រឹម១,១ពាន់លាននាក់ ខណៈឥណ្ឌានឹងកើនឡើងដល់១,៥ពាន់លាននាក់ទៅវិញ៕ធ.ដ
