កងទ័ពជើងទឹកសហរដ្ឋអាម៉េរិកបញ្ជាក់ថា គ្រាប់មីនដែលប្រើវាយប្រហារលើ នាវាដឹកប្រេងគឺមានស្នាមសម្គាល់របស់អ៊ីរ៉ង់
សហរដ្ឋអាម៉េរិក៖ អ្នកជំនាញផ្នែកគ្រឿងផ្ទុះរបស់កងទ័ពជើងទឹកអាម៉េរិកម្នាក់ នៅក្នុងថ្ងៃពុធសប្តាហ៍នេះបាននិយាយថា កម្ទេចកម្ទីគ្រាប់មីនមួយគ្រាប់ ដែលប្រើដើម្បីវាយប្រហារនាវាដឹកប្រេងរបស់ជប៉ុន នៅក្បែរច្រកសមុទ្រហ័រមូសកាលពីសប្ដាហ៍មុន គឺមានភាពស្រដៀងគ្នាទៅនឹងគ្រាប់មីនដែលគេឃើញនៅអ៊ីរ៉ង់ ដោយធ្វើឱ្យគេហ៊ានស្តីបន្ទោសចំៗលើអ៊ីរ៉ង់ចំពោះការវាយប្រហារនេះតែម្តង។

សម្តីរបស់វរនាវីទោលោក ស៊ន គីដូ (Sean Kido) បានធ្វើឡើង ខណៈកងនាវិកបានបង្ហាញដល់អ្នកយកព័ត៌មាននូវបំណែកកម្ទេចកម្ទី និងមេដែក ដែលកងទ័ពជើងទឹកនិយាយថា ត្រូវបានប្រើដើម្បីភ្ជាប់គ្រាប់មីនមិនទាន់ផ្ទុះទៅនឹងតួកប៉ាល់ដឹកប្រេង Kokuka Courageous។ អាជ្ញាធរអាម៉េរិកនិយាយថា បំណែកទាំងនោះត្រូវបានបន្សល់ទុកដោយឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នៅពេលពួកគេលបមកដោះគ្រាប់មីនមិនទាន់ផ្ទុះនោះចេញពីតួកប៉ាល់ បន្ទាប់ពីការវាយប្រហារនៅក្នុងឈូងសមុទ្រអូម៉ង់ ។

យ៉ាងណាមិញ អ៊ីរ៉ង់បានបដិសេធម្តងហើយម្តងទៀតចំពោះការជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីថ្ងៃទី១៣ ខែមិថុនាកន្លងមកនេះ ទៅលើនាវាដឹកប្រេងរបស់ជប៉ុនឈ្មោះ Kokuka Courageous និង នាវា Front Altair ដែលជាកម្មសិទ្ធិរបស់ប្រទេសន័រវែស៕ធ.ដ

