មេដឹកនាំតួកគីបញ្ជាក់ថា អតីតប្រធានាធិបតីអេហ្ស៊ីបត្រូវគេសម្លាប់ មិនមែនស្លាប់ដោយសារគាំងបេះដូងនោះទេ
តួកគី៖ អតីតប្រធានាធិបតីអេហ្ស៊ីប លោក Mohamed Morsi ត្រូវបានគេសម្លាប់ ពោលគឺមិនមែនស្លាប់ដោយសារគាំងបេះដូង ដូចដែលអាជ្ញាធរទីក្រុងគែរ លើកឡើងនោះឡើយ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គាន់។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអេហ្ស៊ីប អតីតប្រធានាធិបតីអេហ្ស៊ីបរូបនេះបានទទួលមរណភាពដោយសារតែជំងឺគាំងបេះដូង ប៉ុន្តែក្រុមគ្រួសាររបស់លោក និងក្រុមសកម្មជនការពារសិទ្ធិមនុស្សមួយចំនួន បានអំពាវនាវឱ្យមានការស៊ើបអង្កេត ដោយបញ្ជាក់ថាលោក Morsi មិនបានទទួលការព្យាបាលត្រឹមត្រូវនោះទេ ចំពោះបញ្ហាសុខភាព ដូចជាជំងឺសម្ពាធឈាមឡើងខ្ពស់ និងជំងឺទឹកនោមផ្អែមជាដើម។

ដោយឡែកការលើកឡើងខាងលើរបស់ប្រធានាធិបតីតួកគី ធ្វើឡើងបន្ទាប់ពីការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការស៊ើបអង្កេតដោយឯករាជ្យ ដើម្បីស្វែងរកមូលហេតុនៃការស្លាប់របស់លោក Morsi។ ប៉ុន្តែជាមួយនេះ លោក អឺដូហ្គាន់ មិនបានបង្ហាញភ័ស្ដុតាងណាមួយ ដើម្បីការពារការអះអាងរបស់ខ្លួនឡើយ៕ធ.ដ
