គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ធ្វើសន្និបាតបូកការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា និងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០១៩
គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១៩មិថុនាម្សិលមិននេះ បានបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី៣ ឆ្នាំ២០១៩ និងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០១៩ ដែលសន្និបាតនេះ មានការអញ្ជើញជាគណៈធិបតីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំ កងរាជអាវុធហត្ថ និងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមនៃគណៈអភិបាលខណ្ឌទាំង14 សមាជិការៀបចំបោះឆ្នោត ចៅសង្កាត់ តំណាងអង្គការសង្គមស៊ីវិលជាច្រើនទៀត។
លោក លន់ ឆេងកៃ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានធ្វើរបាយការណ៍អំពីការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី 3 ឆ្នាំ 2019 ជាលទ្ធផលការបោះឆ្នោត និងការទទួលដោះស្រាយបណ្ដឹងទាក់ទងទៅនឹងការបោះឆ្នោតនិងរាប់សន្លឹកឆ្នោតមានភាពប្រសើរ លោកបន្តថាដំណាក់កាលនីមួយនៃការបោះឆ្នោតនេះដោយ អនុលោមតាមច្បាប់បទបញ្ជានិងនីតិវិធីរបស់គ.ជ.ប។ ក្នុងនោះបានជំរុញឲ្យគណបក្សនយោបាយទាំងអស់ក្នុងការចូលរួមសង្កេតមើលដំណើរការរៀបចំការបោះឆ្នោត និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានសិទ្ឋិប្តឹងជំទាស់ករណីផ្ទុយនឹងបទបញ្ជានីតិវិធីរបស់គ.ជ.ប។ ការប្រកាសលទ្ធផលនៃការបោះឆ្នោតការរបស់គ.ជ.ប និងការបោះឆ្នោតរាជធានីភ្នំពេញ តាមរយៈការដាក់បញ្ហារួមគ្នាក្នុងអង្គសន្និបាតនៅថ្ងៃនេះ ដើម្បីស្វែងរកនូវចំនុចខ្វះខាតចំណុចអវិជ្ជមាន និងបញ្ហាប្រឈមនានាពាក់ព័ន្ធទៅនឹងការបោះឆ្នោតការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ក្នុងការរៀបចំបូកសរុបជាគោលការណ៍ជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីពិនិត្យពិចារណាធ្វើជាមូលដ្ឋានក្នុងការកែតម្រូវ ឬធ្វើវិសោធនកម្មការបោះឆ្នោត និងការចុះឈ្មោះ បោះឆ្នោតនៅពេលក្រោយៗទៀត។

តាមរបាយការណ៍ស្នងការរងនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាការងារពង្រឹងសន្តិសុខក្នុងអំឡុងនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី 3 ឆ្នាំ 2019 នេះគឺមានភាពរលូន ដោយកងកម្លាំងសមត្ថកិច្ចទាំងអស់ រួមជាមួយអាជ្ញាធរមូលដ្ឋានបានយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារក្នុងថ្ងៃចាប់ឃោសនារហូតដល់ថ្ងៃបោះឆ្នោត។ ឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ បានកោតសរសើរចំពោះនូវលទ្ធផលការងារនៃការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី 3 ដោយទទួលបានជោគជ័យ។ ឯកឧត្តមបានបន្តទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពហើយ ជារួមការបោះឆ្នោតកន្លងមកនេះ គឺប្រកបដោយ ប្រជាធិបតេយ្យដោយមានការចូលរួមពីគណបក្សនយោបាយនានាចូលរួមបោះឆ្នោតផងដែរ។ ជាមួយគ្នាដែរឯកឧត្តមអភិបាល បានថ្លែងអំណរគុណដល់នៃអង្គបោះឆ្នោតចំពោះចៅសង្កាត់នៅ រាជធានីចំនួន៨៩៩នាក់អង្គការស៊ីវិលអ្នកសារព័ត៍មានជាតិ និងអន្តរជាតិនិងកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានការពារបានល្អដោយមិនមានហិង្សាផ្នែកនយោបាយចំពោះគណបក្ស នយោបាយនៅក្នុងអំឡុងនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ប្រកបដោយលទ្ឋិប្រជាធិបតេយ្យ។ ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានផ្ដល់ប័ណ្ណសរសើរជូនដល់ គណៈអភិបាលខណ្ឌទាំង14 និងអ្នកដែលបានបំពេញភារកិច្ចការងារកន្លងមកផងដែរ៕ម.ន





