នាយកវិទ្យាល័យ សិលាមាស ចាត់ទុកការឈ្នះមេដាយសំរឹទ្ធិ ជាបទពិសោធន៍ជំរុញការហ្វឹកហាត់បន្ថែម ឈានទៅដណ្តើមមេដាយមាស

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមបាល់ទះនារីវិទ្យាល័យសិលាមាស ដែលប្រកួតតំណាងឲ្យរាជធានីភ្នំពេញ ដណ្តើមបាន មេដាយសំរឹទ្ធិ ក្រោយយកឈ្នះក្រុមនារីខេត្តឧត្តមានជ័យ ក្នុងព្រឹត្តិការណ៍កីឡាសិស្សថ្នាក់ជាតិ លើកទី១ ខណៈក្រុមបាល់ទះនារីខេត្តពោធិ៍សាត់ ឈ្នះជើងឯក បន្ទាប់ពីយកឈ្នះក្រុមបាល់ទះនារីខេត្តកំពង់ធំ នៅវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃអង្គារនេះ។

លោក ម៉ុន សុខជា នាយកវិទ្យាល័យសិលាមាស បានលើកឡើងថា ការប្រជែងបានលេខ៣ ពីការប្រកួតកីឡាសិស្សថ្នាក់ជាតិនេះ គឺជាការរីកចម្រើនថ្មីមួយទៀត របស់ក្រុមបាល់ទះនារីវិទ្យាល័យសិលាមាស ព្រោះវាជាការប្រកួតប្រជែងកម្រិតខ្ពស់ ដោយក្រុមមកចូលរួមប្រកួតសុទ្ធសឹងជាក្រុមខ្លាំងជម្រើសប្រចាំខេត្ត និងរាជធានី។ លោក ចាត់ទុកថា ការប្រជែងលើកនេះ ជាបទពិសោធន៍ដ៏ល្អជំរុញឲ្យក្រុមនារីរបស់លោក ខិតខំបង្កើនការហ្វឹកហាត់បន្ថែមទៀត ដើម្បីឈ្នះពាននាឆ្នាំក្រោយៗទៀត។

កីឡាការិនី អ៊ុ ស្រីនាថ តំណាងក្រុមបានបង្ហាញចំណាប់អារម្មណ៍ថា ចំណាត់ថ្នាក់លេខ៣ ដែលក្រុមរបស់នាងប្រជែងបានពីការប្រកួតនេះ គឺទទួលយកបានដោយសារសមត្ថភាពក្រុម នៅមានកម្រិត ។ ប៉ុន្តែនាងបានប្តេជ្ញាថា និងខិតខំបន្ថែមទៀត ដើម្បីដណ្តើមមេដាយមាសឲ្យបាននៅការប្រកួតកីឡាសិស្សថ្នាក់ជាតិ លើកទី២។

តាមការបញ្ជាក់ពី លោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឲ្យដឹងថា ព្រឹត្តិការណ៍កីឡាសិស្សថ្នាក់ជាតិ លើកទី១នេះ សម្រាប់ប្រភេទកីឡាបាល់ទះមាន៤៨ក្រុម ក្នុងនោះក្រុមបុរសមាន២៥ក្រុម និងក្រុមនារីមានចំនួន២៣ក្រុម ជាលទ្ធផលផ្នែកបុរស លេខ១ បានទៅលើក្រុមបាល់ទះខេត្តពោធិ៍សាត់ លេខ២ រាជធានីភ្នំពេញ និងលេខ៣ ក្រុមខេត្តកណ្តាល។ រីឯផ្នែកនារី លេខ១ ក្រុមបាល់ទះនារីខេត្តពោធិ៍សាត់ លេខ២ ក្រុមខេត្តកំពង់ធំ និងលេខ៣ ក្រុមរាជធានីភ្នំពេញ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner