លោក ដូណាល់ ត្រាំ ចាប់ផ្តើមបើកយុទ្ធនាការឃោសនាឆ្នោតអាណត្តិទី២ របស់ខ្លួនជាផ្លូវការ
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសដាក់ចេញការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ជាផ្លូវការ នៅយប់ថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នៅឯទីក្រុង អ័រឡេនដូ រដ្ឋផ្លូរីដា។

លោក ដូណាល់ ត្រាំ បានថ្លែងនៅចំពោះមុខក្រុមអ្នកគាំទ្រជាច្រើនរបស់លោកថា លោកនៅចំពោះមុខអ្នកទាំងអស់នៅយប់នេះ គឺដើម្បីប្រកាសដាក់ចេញជាផ្លូវការនូវការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាម៉េរិកក្នុងអាណត្តិទី២របស់លោក។ នៅក្នុងសុន្ទរកថានោះដែរ លោក ត្រាំ បានលើកឡើងពីប្រធានបទសំខាន់ៗមួយចំនួនដូចជា បញ្ហាជនអន្តោប្រវេសន៍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយក៏ឆ្លៀតវាយប្រហារលើគណបក្សប្រជាធិបតេយ្យផងដែរ។

សូមរំលឹកថា លោក ដូណាល់ ត្រាំ បានជាប់ឆ្នោតជាប្រធានាធិបតីអាម៉េរិកទី៤៥ កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ បន្ទាប់ពីផ្ដួលអតីតបេក្ខជនប្រធានាធិបតីអាម៉េរិក មកពីបក្សប្រជាធិបតេយ្យ លោកស្រី ហ៊ីលឡារី គ្លីនតុន ហើយលោក ត្រាំ បានស្បថឡើងកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧៕ធ.ដ
