ប្រធានាធិបតីអ៊ីរ៉ង់៖ អ៊ីរ៉ង់នឹងមិនស្វែងរកការធ្វើសង្គ្រាមប្រឆាំងប្រទេសណាមួយឡើយ

អ៊ីរ៉ង់៖ អ៊ីរ៉ង់ នឹងមិនស្វះស្វែងរកការធ្វើសង្គ្រាមប្រឆាំងប្រទេសណាមួយឡើយ នេះបើតាមការអះអាងរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហាន់នី នៅក្នុងថ្ងៃ អង្គារ៍សប្តាហ៍នេះ មួយថ្ងៃបន្ទាប់ពីសហរដ្ឋអាម៉េរិកប្រកាសដាក់ពង្រាយកងទ័ពបន្ថែម១,០០០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ស្របពេលមានភាពតានតឹងខ្លាំងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់។

ថ្លែងសន្ទរកថាតាមកញ្ចក់ទូរទស្សន៍រដ្ឋ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងទំាងអស់របស់សហរដ្ឋអាម៉េរិកនៅក្នុងតំបន់ ដើម្បីកាត់ផ្តាច់ទំនាក់ទំនងរបស់យើងជាមួយពិភពលោក និងមានគោលបំណងចង់ឱ្យអ៊ីរ៉ង់នៅដាច់ដោយឡែកពីគេក៏ដោយ ក៏ពួកគេ (សហរដ្ឋអាម៉េរិក) មិនទទួលបានជោគជ័យនោះដែរ។

គួរបញ្ជាក់ថា ការព្រួយបារម្ភខ្លាំងនៃការប្រឈមមុខដាក់រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បានផ្ទុះឡើងកាន់តែខ្លាំង ចាប់តាំងពីមានករណីវាយប្រហារចុងក្រោយលើនាវាដឹកប្រេង២គ្រឿងនៅឯឈូងសមុទ្រអូម៉ង់ កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ ខណៈទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ទីក្រុងតេហេរ៉ង់ថា ជាអ្នកស្ថិតនៅពីក្រោយហេតុការណ៍វាយប្រហារនេះ ក៏ប៉ុន្តែអ៊ីរ៉ង់បានចេញមុខទាត់ចោលការពាក់ព័ន្ធនឹងរឿងខាងលើ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner