សម្ដេចតេជោ ហ៊ុន សែន ស្នើសុំឲ្យអាល្លឺម៉ង់ បន្តជួយដល់កម្ពុជាលើវិស័យដោះមីន និងមជ្ឈមណ្ឌលមីនអាស៊ាននៅកម្ពុជា
ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា សម្ដេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៩ នាវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តម អ៊ីងហ្គោ ខាស្ទិន ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបានគោរពជូនសម្ដេចតេជោថា បេសកកម្មរបស់ឯកឧត្តម នៅកម្ពុជាកន្លងមក គឺស្ថិតនៅក្នុងពេលដែលគួរជាទីចាប់អារម្មណ៍ជាទីបំផុត។ ក្នុងឱកាសដែលឯកឧត្តម ត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជានេះ ឯកឧត្តមនឹងមានការនឹករឭកមកកាន់កម្ពុជាយ៉ាងខ្លាំង ហើយឯកឧត្តមមានក្ដីសង្ឃឹមថា ថ្ងៃណាមួយ ឯកឧត្តមនឹងវិលត្រឡប់មកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាវិញ។
ឯកឧត្តម អ៊ីងហ្គោ ខាស្ទិន បានបន្ដថា បេសកកម្មរបស់ឯកឧត្តមនៅកម្ពុជា គឺចំពេលដែលគួរជាទីចាប់អារម្មណ៍បំផុត ជាពិសេស លើវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយ និងចំពេលដែលសេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយរបស់កម្ពុជា មានកម្លាំង មានសន្ទុះ និងការអភិវឌ្ឍយ៉ាងខ្លាំង។ ឯកឧត្តម បានសម្តែងនូវការរីករាយដែលបានធ្វើជាសាក្សីនៃការអភិវឌ្ឍនេះ។ ឯកឧត្តមក៏បានសម្តែងនូវការរីករាយដែលបានចូលរួមចំណែកធ្វើការជាមួយកម្ពុជា ជាដៃគូដ៏ល្អក្នុងដំណើរឆ្ពោះទៅកាន់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេស ជាមួយនឹងការរីករាយអបអរសាទរពីអ្នកវិនិយោគមកពីប្រទេសអាល្លឺម៉ង់ ពាក់ព័ន្ធនឹងទីផ្សារបស់កម្ពុជា។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា បានសម្តែងនូវអំណរគុណជូនដល់ឯកឧត្តម អ៊ីងហ្គោ ចំពោះចំណាប់អារម្មណ៍របស់ឯកឧត្តម ក្នុងបេសកកម្មនៅកម្ពុជា។ សម្ដេចតេជោ បានមានប្រសាសន៍ថា អ្វីដែលឯកឧត្តម អ៊ីងហ្គោ បានមានប្រសាសន៍នោះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាយើង ហើយក៏ជាសមិទ្ធផល ជាលទ្ធផលដែលកម្ពុជាទទួលបានតាមរយៈយុទ្ធសាស្ត្ររបស់កម្ពុជា មាន២÷ ទី១គឺការកែប្រែតំបន់សង្គ្រាម ឲ្យទៅជាតំបន់អភិវឌ្ឍន៍ទីផ្សារ កែប្រែព្រំដែនឲ្យទៅជាព្រំដែនមានសុខសន្តិភាព មិត្តភាព អភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការ ជាមួយគ្នានោះដែរ គឺកែប្រែព្រំដែនឱ្យក្លាយទៅជាតំបន់ទីផ្សារពាណិជ្ជកម្ម។
ឆ្លៀតឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវអំណរគុណជូនចំពោះឯកឧត្ដម អ៊ីងហ្គោ និងរដ្ឋាភិបាលក៏ដូចជាប្រជាជនអាល្លឺម៉ង់ដែរ ដែលជារៀងដរាបមក បានជួយកម្ពុជាយើងទាំងវិស័យដោះមីន ទាំងការអភិវឌ្ឍជនបទ ទាំងវិស័យវប្បធម៌ និងវិស័យផ្សេងៗទៀតជាច្រើន ទាំងនោះ គឺជាសន្តានចិត្ត គឺជាមិត្ត គឺជាដៃគូដ៏ល្អរបស់កម្ពុជា។ ក្នុងនេះដែរ សម្ដេចក៏បានស្នើសុំឲ្យភាគីអាល្លឺម៉ង់ បន្តជួយដល់កម្ពុជាទៀត ជាពិសេស លើវិស័យដោះមីន និងមជ្ឈមណ្ឌលមីនអាស៊ាន នៅកម្ពុជា៕ធ.ដ