សាស្ត្រាចារ្យ Klaus Schwab អញ្ជើញសម្តេចធិបតី ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ប្រចាំឆ្នាំ២០២៥
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ក្នុងឱកាសនៃជំនួប លោកប្រធានប្រតិបត្តិបានសម្ដែងនូវការអរគុណចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ និងថ្លែងអំណរគុណសម្ដេចបវរធិបតីដែលបានអញ្ជេីញចូលរួមនៅក្នុងកិច្ចប្រជុំ WEF នៅទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីដើមឆ្នាំ២០២៤ កន្លងទៅ។ ឆ្លៀតក្នុងឱកាសនេះ លោកសាស្ត្រាចារ្យក៏បានគោរពអញ្ជើញសម្ដេចធិបតីចូលរួមក្នុងវេទិកាប្រចាំឆ្នាំនេះម្ដងទៀត ដែលគ្រោងនឹងរៀបចំឡើងនៅដើមឆ្នាំ២០២៥ ខាងមុខនេះ។ លោកសាស្ត្រាចារ្យក៏បានជម្រាបជូនសម្ដេចបវរធិបតី អំពីសក្ដានុពលនៃវេទិកា WEF ដែលជាឱកាសនៅក្នុងការកសាងនូវបណ្ដាញទំនាក់ទំនងរវាងវិស័យសាធារណៈ និងឯកជន។
ជាការឆ្លើយតប សម្ដេចធិបតីបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានជួបលោកសាស្ត្រាចារ្យសាជាថ្មី និង បានអបអរសារទរចំពោះការភាពជោគជ័យនៃវេទិកា WEF នាពេលកន្លងមក។ សម្ដេចបវរធិបតីក៏បានថ្លែងអំណរគុណចំពោះលោកសាស្រ្តាចារ្យ ដែលបានអញ្ជើញសម្ដេចបវរធិបតីផ្ទាល់ ចូលរួមវេទិកា WEF នៅឆ្នាំក្រោយ៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត



