អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនឃ្លីលើតុសូមណូមពរឱ្យបណ្តាក្លិបរាជធានីខេត្តគួចម្រាញ់យកធនធានឆ្លើមចូលរួមប្រកួតកីឡាជាតិ
(ភ្នំពេញ)៖ លោក ហេង សុជាតិ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនឃ្លីលើតុ បានគូសបញ្ជាក់ថា កីឡាជាតិលើកទី៤ សម្រាប់សហព័ន្ធកីឡាវាយកូនឃ្លីលើតុ នឹងរៀបចំការប្រកួតផ្លូវការចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០២៤។
អគ្គលេខាធិការរង បានបញ្ជាក់ទៀតថា គិតមកដល់ពេលនេះ រាជធានី-ខេត្ត ចូលរួមបានចុះឈ្មោះបាន៧ហើយ មានដូចជា៖រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កំពង់ឆ្នាំ កោះកុង ស្វាយរៀង ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ។
សម្រាប់វិញ្ញាសាដាក់ឱ្យប្រកួតប្រជែងមានចំនួន៤ ដូចជា ៖ វិញ្ញា ប្រកួតឯកក្តជនបុរស ឯកក្តជននារី វិញ្ញាសាវាយគូ និងវិញ្ញាសាប្រកួតជាក្រុមបុរស។
ការប្រកួតកីឡាជាតិដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡារៀងរាល់២ឆ្នាំម្តងនេះ ធ្វើឡើងក្នុងគោលបំណងជំរុញឱ្យខេត្តនីមួយៗមានកីឡាករកីឡាការិនីឆ្នើមប្រចាំខេត្ត ខណៈកីឡាករកីឡាការិនីដែលជាប់ជ័យលាភីពីចំណាត់លេខ១ដល់លេខ៣ មានជម្រើសជាប់ជាកីឡាជម្រើសជាតិហ្វឹកហាត់បំប៉នដោយសហព័ន្ធត្រៀមចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិនានា។
អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនឃ្លីលើតុ បានសំណូមពរដល់រាជធានីខេត្តចូលរួមទាំងអស់ សូមបញ្ជូនកីឡាករកីឡាការិនីឆ្នើមចូលរួមការប្រកួត ដើម្បីឱ្យការប្រកួតមានការប្រកួតប្រជែងខ្ពស់ចម្រាញ់បាននូវធនធានខ្លាំងៗនិងឆ្នើមៗជាជម្រើសសម្រាប់សហព័ន្ធជ្រើសរើសយកមកហ្វឹកហាត់បំប៉នជាកីឡាករកីឡាការិនីជម្រើសជាតិប្រកបដោយគុណភាពត្រៀមប្រជែងដណ្តើមបានមេដាយពីការប្រកួតអន្តរជាតិមកជូនជាតិមាតុភូមិ។
សូមបញ្ជាក់ថា សម្រាប់កីឡាវាយកូនឃ្លីលើតុ ប្រតិភូរាជធានី-ខេត្តដាក់ពាក្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ ក្នុងមួយខេត្ត កំណត់យកត្រឹម១៥នាក់ កីឡាករកីឡាការិនី១២នាក់ ប្រតិម្នាក់ និងគ្រូបង្វឹកពីរនាក់ ដោយធ្វើការប្រកួតលើ៤វិញ្ញាសា៕



រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ