សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក នឹងចូលរួមការផ្សព្វផ្សាយពីគោលដៅ ទេសចរ​ណ៍ ដែលមានសក្តានុពល ក្នុងប្រទេសកម្ពុជា ទៅកាន់សកលលោក​បន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (ហៅកាត់ថា PATA) ដែលដឹកនាំដោយ លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគម និងសហការី ចូលជួបពិភាក្សាការងារ នៅទីស្តីការក្រសួង ។ កិច្ចពិភាក្សាបានផ្តើតលើផែនការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ បន្ថែមពីលើផលិតផលទេចរណ៍ដែលមានស្រាប់ ការពង្រឹងទីផ្សារ និងការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ដែលមានសក្តានុពលក្នុងប្រទេសកម្ពុជាទាំងនៅក្នុងអំឡុងពេល High Season និងនៅ Green Season ទៅកាន់សកលលោកបន្ថែមទៀត ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ មូលដ្ឋានផងដែរ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា សុខសន្តិភាព បានធានាឱ្យវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង» សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈ ដោយទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ និងរួមចំណែកប្រមាណជិត ១៣% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារយ៉ាងច្រើន រួមទាំងដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនកម្ពុជា ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះសមាគម ដែលបានតែងតែជួយជ្រោមជ្រែងវិស័យទេសចរណ៍នេះឱ្យដើរទៅមុខ ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី ស្នើឱ្យសមាគមធ្វើការផ្សព្វផ្សាយភាពប្លែករបស់ខេត្តទាំង២៥, បង្កើនការផ្សព្វផ្សាយលើបណ្ដាញសង្គម និងប្រើប្រាស់ Influencer, សហការជាមួយអ្នកជំនាញទីផ្សារ, ការធ្វើការផ្សព្វផ្សាយដោយផ្ដោតលើរដូវកាល និងព្រឹត្តការណ៍សំខាន់ៗ, ការបង្ហាញពីអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍, ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ដោយផ្តោតលើអេកូទេសចរណ៍ និងទេសចរណ៍តាមសហគមន៍, ការបង្កើនផលិតផលទេសចរណ៍, ការអភិវឌ្ឍសមត្ថភាព និងជំនាញ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍទេសចរណ៍ម្ហូបអាហារនៅកម្ពុជា។

សូមបញ្ជាក់ថា សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៥១ មានការិយាល័យកណ្ដាលនៅទីក្រុងបាងកក ប្រទេសថៃ និងមានតំណាង ៣១ប្រទេស នៅទូទាំងពិភពលោក ដោយសមាគម (PATA) នៅប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១ និងមានសមាជិក ១៣៥ក្រុមហ៊ុន ដែលមានសកម្មភាពទាក់ទងទៅនឹងការតស៊ូមតិ ការចរចារជាមួយភាគីពាក់ព័ន្ធ ទាំងដៃគូជាតិ និងអន្តរជាតិ ពាក់ព័ន្ធនឹងគោលនយោបាយដែលគាំទ្រដល់ការអភិវឌ្ឍ និងការប្រកួតប្រជែងវិស័យទេសចរណ៍ប្រកបដោយចីរភាព ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner