អ៊ីស្រាអែលបាញ់ចំទីតាំងកងរក្សាសន្តិភាព UN
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni កាលពីថ្ងៃសុក្រ បាននិយាយថា ការបាញ់របស់អ៊ីស្រាអែល លើក្រុមរក្សាសន្តិភាពអង្គការសហប្រជាជាតិ ហៅកាត់ UN នៅប្រទេសលីបង់ មិនអាចទទួលយកបានទេ។

លោកស្រី Giorgia Meloni បានថ្កោលទោសថា «ជាការមិនអាចទទួលយកបាន» ចំពោះការបាញ់របស់អ៊ីស្រាអែល ប្រឆាំងនឹងកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងប្រទេសលីបង់ ជាកន្លែងដែលអ៊ីតាលីមានទាហានច្រើនជាង១,០០០នាក់ នៅទីនោះ។

លោកស្រី Meloni បាននិយាយ នៅឯកិច្ចប្រជុំកំពូលអឺរ៉ុប និងមេឌីទែរ៉ាណេ ថា «ទីស្នាក់ការបេសកកម្ម UNIFIL និងមូលដ្ឋានទ័ពអ៊ីតាលីចំនួនពីរ ត្រូវបានវាយប្រហារដោយការបាញ់ប្រហារ របស់កងកម្លាំងអ៊ីស្រាអែល… វាមិនអាចទទួលយកបានទេ..វាបំពានលើអ្វី ដែលត្រូវបានបង្កើតឡើង ក្រោមដំណោះស្រាយ របស់អង្គការសហប្រជាជាតិ លេខ «1701»ដែលគ្រប់គ្រងវត្តមាន របស់កងរក្សាសន្តិភាព»។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីនៃប្រទេសលីបង់ លោក Najib Mikati ជំរុញឱ្យអង្គការសហប្រជាជាតិ អនុម័តដំណោះស្រាយមួយ ដោយអំពាវនាវឱ្យមានបទឈប់បាញ់ «ភ្លាមៗ» រវាងអ៊ីស្រាអែល និងក្រុម Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់ ក្នុងអំឡុងពេលថ្លែងសុន្ទរកថា តាមទូរទស្សន៍ នៅទីក្រុង Beirut៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត