ទីភ្នាក់ងារកយកា សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ និងក្រុមអ្នកស្ម័គ្រចិត្តកូរ៉េ ធ្វើសកម្មភាពសង្គម និងពិធីចែកអំណោយនៅខេត្តកំពង់ឆ្នាំង

 
(ខេត្តកំពង់ឆ្នាំង)៖ នៅក្នុងការបង្ហាញដ៏មានសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការចូលរួមសហគមន៍ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) និងក្រុមអ្នកស្ម័គ្រចិត្តកូរ៉េ (WFK) កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីសកម្មភាពសង្គម និងពិធីចែកអំណោយ នៅសាលាបឋមសិក្សាក្រសាំងដុះឡើង ដោយមានអ្នកចូលរួមជាង៤០០នាក់ កម្មវិធីនេះបានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់របស់ស្ថាប័នទាំងនេះក្នុងការជំរុញការអប់រំ និងការអភិវឌ្ឍសុខភាពនៅក្នុងសហគមន៍ជនបទរបស់កម្ពុជា។

ពិធីនេះប្រព្រឹត្តទៅក្រោមអធីបតីភាព លោកស្រី ឆយ មូន ជុង (Ms. CHOI Moon Jung) នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំ​ប្រទេសកម្ពុជា ឯកឧត្តម យ៉ង់ ភីរម្យ អភិបាលរងខេត្តកំពង់ឆ្នាំង និង ឯកឧត្តម អ៊ឹម សួរ ប្រធានសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) និងជាអគ្គលេខា​ធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស និងអ្នក​តំណាងមកពីសាលាបឋមសិក្សាចំនួន២០ នៅស្រុកទឹកផុស ក៏បានចូលរួមក្នុងកម្មវិធី​នេះ​ផងដែរ ដែលនេះជាឱកាសដ៏សំខាន់មួយនៅក្នុងកិច្ចសហប្រតិបត្តិការ​បន្តរវាង​កម្ពុជា និងកូរ៉េខាងត្បូង ។

ចំណុចស្នូលនៃកម្មវិធីនេះគឺ ការចែកចាយធនធានសំខាន់ៗក្នុងគោលបំណង​លើក​កម្ពស់ការអប់រំ និងលទ្ធផលសុខភាពសម្រាប់កុមារនៅក្នុងប្រទេសកម្ពុជា។ទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ(CAMKAA) និងក្រុមអ្នកស្ម័គ្រចិត្តកូរ៉េ (WFK)បានផ្តល់កង់ចំនួន១០០កង់ ដល់​សិស្សានុសិស្ស ដែលពួកគាត់ធ្វើដំណើរផ្លូវឆ្ងាយមកកាន់សាលារៀន កម្មវិធីក៏បាន​ផ្តល់​កាបូបស្ពាយចំនួន១០០កាបូប កញ្ចប់ឱសថសំខាន់ៗចំនួន២០ និងកញ្ចប់ផ្គត់​ផ្គង់​សុខភាពចំនួន៤ ៨០០កញ្ចប់ រួមមាន ច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ សាប៊ូ និង​ទឹកលាងដៃ ត្រូវបានចែកជូនសិស្សានុសិស្សចំនួន៤ ៧៩៨នាក់ នៅទូទាំងសាលា​បឋម​សិក្សាចំនួន២០របស់ស្រុកទឹកផុស។ បន្ថែមពីនេះ ទីភ្នាក់ងារកយកា-KOICA បានផ្លល់ជូនក្តារអប់រំសុវត្ថិភាពចំនួន៤២ ខិត្តប័ណ្ណចំនួន ៣ ២០០សន្លឹក និងសៀវ​ភៅ​សរសេរចំនួន២០០ក្បាលនិងប៊ិចចំនួន២០០ដើម ដើម្បីលើកកម្ពស់បរិយាកាស​សិក្សា​ប្រកបដោយសុវត្ថិភាព និងកាន់តែទាក់ទាញសម្រាប់សិស្សានុសិស្ស និង​គ្រូបង្រៀន។

គំនិតផ្តួចផ្តើមនេះក៏ផ្តោតលើការអប់រំសុខភាពផងដែរ ដោយមានវេជ្ជបណ្ឌិតរបស់​កយកា-KOICA និងក្រុមអ្នកស្ម័គ្រចិត្តកូរ៉េ (WFK) បានដឹកនាំនិងមេរៀនមេរៀនលើ​ប្រធាន​បទសុខភាពសំខាន់ៗសម្រាប់សិស្សចំនួន១០០នាក់។ មេរៀនទាំងនោះមាន បច្ចេកទេសដុសធ្មេញ និងលាងដៃឱ្យបានត្រឹមត្រូវ គោលបំណងបង្កើតការអនុវត្ត​សុខភាព ដែលនឹងការពារជំងឺ និងលើកកម្ពស់សុខុមាលភាពក្នុងរយៈពេលយូរ។

សម្រាប់គ្រូបង្រៀន កម្មវិធីនេះរួមមានការបណ្តុះបណ្តាលបច្ចេកទេសសង្គ្រោះជីវិត ដូចជាការជួយសង្គ្រោះបឋម និង នៅពេលស្លាក់បំពង់ខ្យល់ ដែលនឹងជួយដល់ពួក​គាត់ក្នុងការឆ្លើយតបទៅនឹងការសង្គ្រោះបន្ទាន់ប្រកបដោយប្រសិទ្ធភាព។ លើស​ពីនេះ មាតាបិតាសិស្សចំនួន ១០០នាក់បានចូលរួមវគ្គស្តីពីការប្រើប្រាស់ថ្នាំ ការថែ​ទាំមុខរបួស និងការយល់ដឹងអំពីជំងឺរ៉ាំរ៉ៃដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺសួត និងជំងឺមហារីក។ វិធីសាស្រ្តរួមនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ទីភ្នាក់​ងារ​កយកា-KOICA ក្នុងការកសាង សហគមន៍ដែលមានសុខភាពល្អ និងមានភាពធន់ជាងមុន។

អ្នក ចូលរួមកម្មវិធីនេះ បានចូលរួមក្នុងសកម្មភាពវប្បធម៌កូរ៉េផងដែរ រួមមានការ បង្ហាញអំពីការស្លៀកសំលៀកបំពាក់ប្រពៃណីកូរ៉េហានបុក(Hanbok) ការគូរមុខ និង ការបត់ក្រដាស បែបប្រពៃណីកូរ៉េ។ កម្មវិធីនេះបានបញ្ចប់ដោយការដាំដើមឈើចំនួន ៥០ដើម ដែលជានិមិត្តរូបនៃការប្តេជ្ញាចិត្តរួមគ្នារបស់ ទីភ្នាក់ងារកយកា-KOICA និង​សហគមន៍មូលដ្ឋានក្នុងការអភិរក្សបរិស្ថាន។

ឯកឧត្តម អ៊ឹម សួរ ប្រធានសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) បានមានប្រសាសន៍ថា “ថ្ងៃនេះ ក្នុងនាមសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ ខ្ញុំពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបាននាំយក​អំណោយមកជូនដល់សិស្សានុសិស្សជាទីស្រលាញ់របស់យើង នៅសាលា​បឋម​សិក្សាក្រសាំងដុះឡើង ក្នុងខេត្តកំពង់ឆ្នាំង។ គោលដៅចម្បង​នៃការចែកចាយកង់ និងសម្ភារៈសិក្សានាពេលនេះ គឺដើម្បីជួយសម្រាលបន្ទុករបស់មាតាបិតា ជាពិសេស​ជំរុញសិស្សានុសិស្សឱ្យខិតខំរៀនសូត្រ ទទួលបានចំណេះដឹង និងអភិវឌ្ឍសមត្ថភាព​របស់ពួកគេ ដូច្នេះពួកគេអាចចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម​របស់​កម្ពុជា​នាពេលអនាគត។

លោកស្រី ឆយ មូន ជុង (Ms.CHOI Moon Jung) នាយិកា ទីភ្នាក់ងារសហ​ប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា “ការអប់រំគឺជាមូលដ្ឋានគ្រឹះនៃអនាគតដ៏ត្រចះត្រចង់ ប៉ុន្តែសិស្សានុសិស្សជា​ច្រើន​នៅតំបន់ជនបទប្រឈមមុខនឹងឧបសគ្គសំខាន់ៗ ដូចជាផ្លូវឆ្ងាយ និងកង្វះ​មធ្យោ​បាយធ្វើដំណើរ។ ជាមួយនឹងការផ្តល់ជូននូវអំណោយទាំងនេះ យើងជឿថាសិស្សា​នុសិស្ស នឹងមានលទ្ធភាពកាន់តែច្រើនក្នុងការសិក្សា ដែលអាចឱ្យពួកគាត់ ផ្តោតលើ​ការសិក្សា” ។

ឯកឧត្តម យ៉ង ភិរម្យ អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណចំពោះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) និងក្រុមអ្នកស្ម័គ្រចិត្តកូរ៉េ (WFK) ដែលបានលើកឡើងពីគូសបញ្ជាក់ពីផលលទ្ឋផលដ៏ល្អ អំពីពិធីចែកអំណោយ និងកម្មវិធីអប់រំសុខភាពលើសហគមន៍នៅមូលដ្ឋាន។ លោកបានសង្កត់ធ្ងន់លើការទន្ទឹងរង់ចាំរបស់លោកក្នុងការបន្តកិច្ចសហប្រតិបត្តិការនៅក្នុងគំនិតផ្តួចផ្តើមនាពេលខាងមុខជាបន្តទៅទៀត។
 
កម្មវិធីនេះគឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តឥតងាករេរបស់ ទីភ្នាក់ងារកយកា-KOICA និងដៃគូរបស់ខ្លួនក្នុងការលើកកម្ពស់សុខុមាលភាព និងអនាគតរបស់យុវជនកម្ពុជា។ តាមរយៈការផ្តល់ធនធានសំខាន់ៗ ការអប់រំ និងជំនួយផ្នែកសុខភាព ស្ថាប័នទាំងនេះកំពុងត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏ភ្លឺស្វាង និងកាន់តែមានអនាគតសម្រាប់កុមារនៅកម្ពុជា៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner