ភ្លើងគប់ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤បន្តផ្សព្វផ្សាយនៅខេត្តព្រះសីហនុ
(ភ្នំពេញ)៖ ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជនពិការជាតិលើកទី២ បាននិងកំពុងបន្តរត់ផ្សព្វផ្សាយនៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែ តុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋចំនួន២០០០នាក់។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ក្រោមបុព្វបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ“ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ខេត្តកែប ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ គឺជាព្រឹត្តិការណ៍កីឡាយ៉ាងសំខាន់ និងជាប្រវត្តិសាស្រ្ត សម្រាប់ប្រទេសកម្ពុជា និងជាមុខមាត់សម្រាប់ខេត្តព្រះសីហនុយើងផងដែរ ដែលបានទទួល ការជ្រើសរើសជាម្ចាស់ផ្ទះ នៃប្រភេទកីឡាទូកក្តោង និងកីឡាម៉ូតូទឹកនៅលើទឹកដីឆ្នេរសមុទ្រ ដ៏ស្រស់ស្អាតមួយនេះ។

ការរៀបចំព្រឹត្តិការប្រកួតកីឡានេះ បានបង្ហាញពីការរីកចម្រើន មានសុខសន្តិភាព មានការអភិវឌ្ឍ នៃវិស័យកីឡា នៅកម្ពុជា និងការត្រៀមខ្លួនរួចរាល់សម្រាប់ ការរៀបចំការប្រកួតកីឡា “យុវជនអាស៊ីលើកទី៥ ឆ្នាំ២០២៩” ដែលជាព្រឹត្តិការណ៍ដ៏ធំ ហើយដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យកីឡា និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គម ដូចជានយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ការលើកកម្ពស់មុខមាត់ជាតិ ទីផ្សារពាណិជ្ជកម្ម និងការទាក់ទាញភ្ញៀវ ទេសចរណ៍ ជាដើម ដែលនេះគឺជាការខិតខំប្រឹងប្រែងរបស់កម្ពុជាយើងមួយជំហានទៀតក្នុងការ បង្ហាញឱ្យឃើញនូវ កម្លាំងសាមគ្គីភាពជាតិ និងកម្លាំងសេដ្ឋកិច្ចកម្ពុជាដែលបានធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយមួយ ក្រោមនយោបាយ ឈ្នះ ឈ្នះ ដែល ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលបានដាក់ចេញ ហើយប្តេជ្ញាចិត្តក្នុងនាមកម្ពុជា ជាសមាជិកអាស៊ាន។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានថ្លែងថា ពិធីរត់ភ្លើងគប់កីឡា ដែល ក្រសួងអប់រំយុវជន និងកីឡា ជ្រើសខេត្តទាំង៥ ដែលទទួលធ្វើជាម្ចាស់ផ្ទះ ដើម្បីរត់ផ្សព្វផ្សាយនេះ គឺដើម្បីបំផុសផ្សព្វផ្សាយចលនាកីឡាជាតិរបស់យើងស្របតាមយុទ្ធនាការនៃការអប់រំ កីឡារស់ក្នុងសន្តិភាព យុវជនម្នាក់លេងកីឡាមួយមុខប្រចាំជីវិត និង កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ។

ជាមួយគ្នានោះឯកឧត្តម រដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាង មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរ មានសមត្ថកិច្ច ប្រតិភូដឹកនាំក្រុមកីឡា ដែលបានសហការគ្នាយ៉ាងល្អប្រសើររៀបចំព្រិត្តិការនេះ។

ឯកឧត្តម បានសម្តែងនូវការអប់អរសាទរចំពោះខេត្ត និងបន្តកិច្ចសហការណ៍ជាមួយខេត្តដើម្បីអភិវឌ្ឍន៍ជំរុញចលនាកីឡាក្នុងខេត្តកាន់តែរីកចំរើន។ ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ទៀតថា ភ្លើងគប់កីឡាជាតិនេះ នៅសប្តាហ៍ក្រោយ និងបន្តរត់ផ្សព្វផ្សាយនៅខេត្ត កំពង់ឆ្នាំ និងសប្តាហ៍ក្រោយមួយទៀតនិងទៅដល់ខេត្តស្វាយរៀង ហើយមកដល់ខេត្តកណ្តាល និងរាជធានីភ្នំពេញ។ដូច្នោះសូមបណ្តាខេត្ត និងរាជធានីទាំងអស់ បន្តចលនាគាំទ្រ និងផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋចូលរួមគាំទ្រ នៃការរត់ភ្លើងគប់កីឡាជាតិ ៕
ដោយ ៖ ជាវ ចន្ធូ





