យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់យុវជនផ្នែកក្រសួង-ស្ថាប័នទាំង៤២ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤

(ភ្នំពេញ)៖ ផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារយុវជនគណបក្សក្រសួង ស្ថាប័នទាំង៤២ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងអញ្ជើញចូលរួមពីឯកឧត្តមប្រធាន អនុប្រធាន សមាជិកផ្នែក និងឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានប្រចាំការ ប្រធានលេខាធិការដ្ឋាន ក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័នទាំង៤២ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជំនួយការផ្នែកក្រសួង-ស្ថាប័ន សរុបប្រមាណ ២៥០នាក់ ។

មានមតិស្វាគមន៍ និងរបាយការណ៍សង្ខេបជូនអង្គប្រជុំ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែកក្រសួង-ស្ថាប័ននៃយ.គ.ក. បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំផ្នែក ជំនួយការផ្នែក និងក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័នទាំង៤២ ដែលសម្រេចបានលទ្ធផលការងារជាបន្តបន្ទាប់ ស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ ព្រមទាំងគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃជំនួបប្រចាំត្រីមាសនេះ ដែលបានរួមចំណែកលើកកម្ពស់ និងពង្រឹងកិច្ចសហការល្អ ព្រមទាំងជាវេទិកានៃការចែករំលែកបទពិសោធន៍ ពាក់ព័ន្ធការងារនយាបាយ សតិអារម្មរណ៍ ការចាត់តាំង ដើម្បីថែរក្សា និងពូនជ្រំសមាជិក សមាជិកាទាំងអស់នូវស្មារតី សតិអារម្មណ៍ និងចំណេះដឹង ដោយក្តាប់ឱ្យជាប់នូវគោលនយោបាយ សេចក្តីសម្រេចចិត្តនានា ជឿជាក់ និងហ៊ានការពារមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។

មានមតិវាយតម្លៃអំពីវឌ្ឍនភាពទិសដៅការងារប្រចាំត្រីមាសទី២ ឯកឧត្តម ហេង ណន អនុប្រធានផ្នែកក្រសួង-ស្ថាប័ន នៃយ.គ.ក. បានរំលឹកឡើងវិញនូវទិសដៅការងារដែលដាក់ចេញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ និងបង្ហាញពីលទ្ធផលសម្រេចបានគួរជាទីមោទនៈរបស់ផ្នែកក្រសួង-ស្ថាប័ន និងក្រុមការងារយុវជនគណបក្សក្រសួង- ស្ថាប័នទាំង៤២ ព្រមទាំងស្នើដល់ក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័នទាំង៤២ បន្តអនុវត្តន៍ការងារឱ្យបានកាន់តែប្រសើរស្របតាមស្មារតីរបស់អង្គប្រជុំ ។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ប្រធានអង្គប្រជុំ បាននាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចធិបតី ដែលតែងតែនឹករលឹក និងគិតគូជាប្រចាំដល់យុវជនគណបក្សរបស់យើង និងថ្លែងការកោតសរសើរចំពោះឯកឧត្តម ឃុត ចាន់ដារ៉ា ប្រធានផ្នែកក្រសួង-ស្ថាប័ន និងឯកឧត្តម ហេង ណន អនុប្រធានផ្នែក ដែលបានរៀបចំកិច្ចប្រជុំប្រចាំត្រីមាស ជាជំនួបដ៏មានសារៈសំខាន់ និងធ្វើរបាយការណ៍យ៉ាងក្បោះក្បាយ។

ឯកឧត្តមបណ្ឌិត មានប្រសាសន៍បន្ថែមថា កិច្ចប្រជុំនេះ ជាយន្តការពិនិត្យតាមដាន និងវាយតម្លៃមួយ ដែលយើងទំាងអស់គ្នាអាចវាយតម្លៃលទ្ធផលសម្រេចបានលើការអនុវត្តទិសដៅការងារដែលបានដាក់ចេញ ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី២ កន្លងទៅ និង ដាក់ចេញនូវកិច្ចការអាទិភាពបន្តទៀត។

ក្រោមកិច្ចពិភាក្សា ដោយមានការចូលរួមមតិយោបល់យ៉ាងច្រើនផុសផល ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃអង្គប្រជុំ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានធ្វើការបូកសរុប និងដាក់ចេញនូវទិសដៅការងារមួយចំនួន ដោយផ្តោតសំខាន់ទៅលើ-ការពង្រឹង ពង្រីករចនាសម្ព័ន្ធអង្គការចាត់តាំងយុវជនគណបក្ស , ការបំពាក់បំប៉នទស្សន: គោលជំហរ នយោបាយ សតិអារម្មណ៍ និងការចាត់តាំងរបស់យុវជន , លើកទឹកចិត្តយុវជនឱ្យចូលរួមគាំទ្រ និងការពារសមិទ្ធផល ស្នាដៃរបស់គណបក្ស , បន្តពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner