ព្រះគ្រូចៅអធិការវត្តស្វាយរមៀតចែកស្បៀងដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងចាស់ជរាចំនួន៤០គ្រួសារ

សៀមរាប៖ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត ព្រមទាំងព្រះរាជាគណៈ ព្រះគ្រូ ព្រះចៅអធិការ​ក្នុងក្រុង​សៀមរាប និង​អាជ្ញាធរមូលដ្ឋានកាលពីព្រឹកថ្ងៃទី១២ ខែតុលា បានចែកជូនស្បៀង​ដល់គ្រួសារមានជីវភាពខ្វះខាត និងចាស់​ជរាចំនួន៤០គ្រួសារ នៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាបខេត្តសៀមរាប ។

ក្នុងឱកាសនេះព្រះសច្ចានុបាល នឿម វុទ្ធី បានមានថេរដីកាថា អំណោយទាំងនេះកើតចេញពីទឹកចិត្តសទ្ធា ជ្រះថ្លារបស់ព្រះសង្ឃ​ដូច​នេះគ្រួសារដែលទទួលបានការឧបត្ថម្ភនេះត្រូវយកទៅបរិភោគប្រើប្រាស់ក្នុងផ្លូវល្អឱ្យមានកម្លាំង មានសុខភាពល្អ និង ខិតខំប្រឹង​ប្រែងស្វែង​រកទ្រព្យបន្ថែមទៀត ពីព្រោះការជួយ នេះមិនអាចដោះស្រាយ​បញ្ហា​ខ្វះខាតបានទាំងស្រុងទេ ពោលគឺវាគ្រាន់តែ​បាន​ជួយដោះស្រាយមួយ រយៈពេលខ្លីប៉ុណ្ណោះ។

ចំណែកព្រះធម្មានុរ័ក្ខញាណ ស៊ុ ពិសិទ្ធ ព្រះសមុហ៍ គណខេត្ត​សៀមរាប​បានមានថេរដីកាថា  ការផ្តល់ជាគ្រឿងឧភោគបរិភោគ​របស់ព្រះសង្ឃនៅពេលនេះ គឺជាការចូលរួមជា មួយរាជរដ្ឋាភិបាល​កម្ពុជា ក្នុងការជួយទៅដល់ប្រជាពលរដ្ឋ ដែលកំពុង​ជួបការ​លំបាក។ ពុទ្ធបរិស័ទទាំងអស់ គឺមិត្តរួមជាតិ រួមសាសន៍ រួមទុក្ខ រស់នៅក្រោម​ម្លប់នៃព្រះពុទ្ធសាសនា៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner