មន្រ្តីកំណែក្រសួងអប់រំ ចុះពិនិត្យផ្ទៀងផ្ទាត់ ចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុបក្នុងមណ្ឌលកំណែទាំង១០
(ភ្នំពេញ)៖ ប្រធាន អនុប្រធានមណ្ឌលកំណែ និងសមាជិកគណៈកម្មការក្រុមមុខវិជ្ជាបានចុះពិនិត្យទៅតាមមណ្ឌលកំណែទាំង១០ ដែលកំពុងតែមានភាពមមាញឹកក្នុងការបន្តរាប់ ពិនិត្យ ផ្ទៀងផ្ទាត់ ចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជន ដើម្បីត្រៀមរៀបចំដំណើរការកំណែនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៖ ០៨ តុលា ២០២៤។

ក្រសួងអប់រំបានឱ្យដឹងថាក្នុងដំណើរការប្រឡង ដំណើរការកំណែ និងសកម្មភាពផ្សេងៗទៀតនៃការប្រឡងបាក់ឌុបនេះគឺសុទ្ធតែស្ថិតនៅក្រោមការពិនិត្យតាមដានអង្គភាពប្រឆាំងអំពើពុករលួយ។ គណៈមេប្រយោគគ្រប់រូប បានអនុវត្តតួនាទីរបស់ខ្លួន យ៉ាងហ្មត់ចត់ និងយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវ ក្រោមការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ។

ដោយឡែកកាលពីថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២៤ប្រធាន អនុប្រធានតាមមណ្ឌលកំណែទាំង១០ បានបើកកិច្ចប្រជុំណែនាំបច្ចេកទេស ដើម្បីត្រៀមរៀបចំដំណើរការកំណែនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមុននឹងចាប់ផ្ដើមនៅថ្ងៃនេះ។

ក្នុងកិច្ចប្រជុំនេះដែរប្រធាន អនុប្រធានមណ្ឌលកំណែ បានធ្វើការណែនាំលើការងារបច្ចេកទេសក្នុងការធ្វើអត្រាកំណែ ការបែងចែកក្រុមកំណែជាក្រុមតូចៗ ដែលមានចំនួនសមាជិកច្បាស់លាស់ ការប្រគល់ឯកសារ ប័ណ្ណសម្គាល់ ការណែនាំនូវការបម្រាមក្នុងការយកចូលនូវកាបូប ទូរសព្ទដៃ និងសម្ភារៈផ្សេងៗ ចូលក្នុងមណ្ឌលកំណែជាដាច់ខាត។

គួរបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យ ប្រឡងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤។ដោយឡែកចំពោះដំណើរការកំណែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។សម្រាប់ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។

បើតាមក្រសួងអប់រំបានឱ្យដឹងថា ក្រសួងបានកំណត់យកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស។

បេក្ខជនត្រូវបានរៀបចំ ចំនួន២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្តលើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់)៕
ដោយ ៖ ម៉ាដេប៉ូ


