នាង Kim Yo Jong ព្រមានឆ្លើយតបខ្លាំងក្លាចំពោះដ្រូនកូរ៉េខាងត្បូង
បរទេស៖ នាង Kim Yo Jong ប្អូនស្រីដ៏មានឥទ្ធិពល របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមាន កាលពីថ្ងៃសៅរ៍ថា កូរ៉េខាងត្បូងនឹងប្រឈមមុខនឹង «គ្រោះមហន្តរាយដ៏អាក្រក់» ប្រសិនបើយន្តហោះគ្មានមនុស្សបើក បានទៅដល់ទីក្រុងព្យុងយ៉ាង ម្តងទៀត។
កូរ៉េខាងជើង កាលពីថ្ងៃសុក្រ បាននិយាយថា ក្រុងសេអ៊ូលបានបញ្ជូនយន្តហោះគ្មានមនុស្សបើក ដឹកខិត្តប័ណ្ណ ចូលទៅក្នុងដែនអាកាសរបស់ទីក្រុងព្យុងយ៉ាង នៅថ្ងៃទី៣ ខែតុលា ហើយក៏កើតមាន ម្តងទៀត នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។
បើទោះបីជាកូរ៉េខាងត្បូងបដិសេធចំពោះការចោទប្រកាន់នេះក្តី ក៏នាង Kim Yo Jong អ្នកនាំពាក្យកូរ៉េខាងជើង បាននិយាយថា យន្តហោះគ្មានមនុស្សបើក ត្រូវបានបញ្ជូនដោយ «ក្រុមក្មេងទំនើងយោធា» ដែលសំដៅទៅលើកងកម្លាំងរបស់ទីក្រុងសេអ៊ូល។
ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA បានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើកដែលត្រូវបានបញ្ជូនដោយកូរ៉េខាងត្បូងបានទម្លាក់ខិត្តប័ណ្ណឃោសនាប្រឆាំង ដែលត្រូវបានចាត់ទុកថា «ពាក្យចចាមអារ៉ាម និងសំរាម» ។ KCNA បានពណ៌នាឧបទ្ទវហេតុនេះថា ជា «ការបំពានច្បាប់អន្តរជាតិ និងជាការវាយប្រហារយោធា យ៉ាងធ្ងន់ធ្ងរ»។
ទំនាក់ទំនងរវាងកូរ៉េទាំងពីរ ស្ថិតនៅចំណុចទាបបំផុត ក្នុងរយៈពេល ប៉ុន្មានឆ្នាំមកនេះ បន្ទាប់ពីកិច្ចព្រមព្រៀងយោធាដែលមានបំណងកាត់បន្ថយភាពតានតឹង ត្រូវបានផ្អាកទាំងស្រុង។ មេដឹកនាំកូរ៉េខាងជើង លោក គីម ថែមទាំងបានព្រលយពាក្យសម្តីថា លោកនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ «ដោយមិនស្ទាក់ស្ទើរ» ប្រសិនបើត្រូវបានវាយប្រហារ ដោយកូរ៉េខាងត្បូង៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត